កម្ពុជា-ឡាវ ចុះហត្ថលេខាលើក្របខ័ណ្ឌសិក្សារួម តភ្ជាប់ប្រព័ន្ធបញ្ជូនអគ្គិសនី ដើម្បីជំរុញពាណិជ្ជកម្មថាមពលរវាងប្រទេសទាំងពីរ និងក្នុងតំបន់
ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានធ្វើជាម្ចាស់ផ្ទះរៀបចំ “ពិធីចុះហត្ថលេខាលើក្របខ័ណ្ឌសិក្សារួមស្តីពីការសិក្សាសមិទ្ធិលទ្ធភាពតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី កម្ពុជា-ឡាវ” នៅរាជធានីភ្នំពេញ។
ពិធីនេះ ត្រូវបានធ្វើឡើងរវាង អគ្គិសនីកម្ពុជា (EDC) អគ្គិសនីឡាវ (EDL) និងមជ្ឈមណ្ឌលថាមពលអាស៊ាន (ASEAN Center for Energy-ACE) ព្រមទាំងមានកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ប្រព័ន្ធបញ្ជូនអគ្គិសនីរវាងប្រទេសទាំងពីរ។
ក្នុងពិធីនេះ មានវត្តមានចូលរួមជាកិត្តិយសពី លោក វិចទ័រ ហ្សូនា ឧត្តមមន្ត្រីថាមពលអាស៊ាន (Senior Official on Energy-SOE) និងជាអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ព្រមទាំងតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា, តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃប្រទេសឡាវ និងតំណាងធនាគារពិភពលោក (World Bank) ផងដែរ។
គម្រោងសិក្សារួមនេះ ទទួលបានជំនួយហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ខណៈមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ដើរតួនាទីជាលេខាធិការដ្ឋានសម្របសម្រួល។
បើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំ ការសិក្សានេះនឹងក្លាយជាមូលដ្ឋានដើម្បីគាំទ្រ និងអភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្មថាមពលក្នុងដំណាក់កាលដំបូង រវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើពាណិជ្ជកម្មទូលាយក្នុងវិស័យថាមពលក្នុងតំបន់ ដែលក្នុងនោះការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង និងដំណើរការប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី ជាផ្នែកមួយដ៏សំខាន់សម្រាប់ការសិក្សានេះ។
លើសពីនេះ លទ្ធផលនៃការសិក្សា នឹងជំរុញដល់ការអភិវឌ្ឍគម្រោងថាមពលបៃតងជាគោល ដែលជាសក្តានុពលក្នុងប្រទេសទាំងពីរ ដើម្បីពង្រឹងសន្តិសុខថាមពល កាត់បន្ថយលើការនំាប្រេងឥន្ធនៈមកផលិតអគ្គិសនី និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕