៥ ឆ្នាំខាងមុខ! ឥណ្ឌា ប្ដេជ្ញាទិញទំនិញអាម៉េរិក ក្នុងទំហំ ៥០០ពាន់លានដុល្លារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ
ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ជ័យស័ង្កា (Subrahmanyam Jaishankar) បានថ្លែងកាលពីថ្ងៃអាទិត្យថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងប្រែក្លាយទៅជា «ផ្លូវដង្ហើមថាមពលដ៏សំខាន់បំផុត» តាមរយៈការបើកចំហទីផ្សារសេរី និងការពង្រីកទំហំពាណិជ្ជកម្មថាមពលខ្នាតយក្ស ជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាបណ្ដាប្រទេសនានានៅទ្វីបអាម៉េរិកជាដើម ។
ទន្ទឹមនឹងនេះ ឥណ្ឌាបានបង្ហាញសកម្មភាពជាក់ស្ដែង ដោយប្ដេជ្ញាចិត្តចំណាយប្រាក់រហូតដល់ ៥០០ ពាន់លានដុល្លារ ក្នុងការបញ្ជាទិញផលិតផលផ្សេងៗពីសហរដ្ឋអាម៉េរិក នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។
ទោះជាយ៉ាងណាក្ដី ឥណ្ឌានៅតែបន្តរក្សាជំហរនយោបាយការទូតដ៏ឆ្លាតវៃរបស់ខ្លួន ដោយមិនចាត់ទុកទំនាក់ទំនងអន្តរជាតិជាល្បែងយកឈ្នះចាញ់នោះឡើយ ពោលគឺទីក្រុងញូវដេល្លី នៅតែបន្តរក្សាទំនក់ទំនងយ៉ាងស្អិតរមួត និងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយទាំងអាម៉េរិក អ៊ីស្រាអ៊ែល អ៊ីរ៉ង់ និងរុស្ស៊ី ។
ងាកមកខាងអាម៉េរិកឯណោះវិញ រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្ររវាងមហាយក្សទាំងពីរ បានសម្រេចនូវវឌ្ឍនភាពធំធេង និងលេចចេញជារូបរាងពិតប្រាកដក្នុងពេលឆាប់ៗ ។
លោក រូប៊ីយ៉ូ ក៏បានរំលេចពីចំណុចខ្លាំងនៃទំនាក់ទំនងសេដ្ឋកិច្ចនេះដែរថា ត្រឹមតែប៉ុន្មានខែចុងក្រោយនេះ ទំហំនៃការវិនិយោគរបស់ឥណ្ឌានៅក្នុងសេដ្ឋកិច្ចអាម៉េរិក បានកើនឡើងដល់ ២០ ពាន់លានដុល្លារទៅហើយ ហើយលោកជឿជាក់ថាទំនាក់ទំនងនេះ នឹងកាន់តែរឹងមាំបំផុតមិនធ្លាប់មាននៅត្រឹមចុងអាណត្តិរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ។
ក្រៅពីបញ្ហាពាណិជ្ជកម្ម មេដឹកនាំទាំងពីរ ក៏បានជជែកគ្នាពីបញ្ហាសន្តិសុខផ្លូវទឹកនៅច្រកសមុទ្រហ័រមូស ខណៈលោក រូប៊ីយ៉ូ បានចូលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី និងបានពាំនាំសារអញ្ជើញពីលោក ដូណាល់ ត្រាំ ជូនចំពោះលោក ម៉ូឌី ឱ្យទៅបំពេញទស្សនកិច្ចនៅសេតវិមាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ AP