សង្គម

ទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២៦ ធ្វើឡើងក្រោមប្រធានបទ «អនុវត្តសកម្មភាពជាតិ ដើម្បីសម្រេចលទ្ធផលសកល

image


ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា នាឆ្នាំ២០២៦ ជាមួយនឹងប្រទេសនៅថ្នាក់តំបន់ និងពិភពលោក និងក្នុងនាមជាប្រទេសហត្ថលេខី និងស្ថាប័នបង្គោលទទួលបន្ទុកអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UN-CBD) ក្រសួងបរិស្ថាននឹងរៀបចំ «ទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២៦» ក្រោមប្រធានបទ «អនុវត្តសកម្មភាពជាតិ ដើម្បីសម្រេចលទ្ធផលសកល» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការជ្រោះតាសៀម នៃឧទ្យានជាតិកែប ស្ថិតក្នុងភូមិសាស្ត្រភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅ ដោយមានអ្នកចូលរួមពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ-អន្តរជាតិ ដៃគូអភិឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន សហគមន៍ និងសិស្សានុសិស្ស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័ន អង្គការដៃគូជាតិ-អន្តរជាតិ និងបណ្តាអ្នកពាក់ព័ន្ធ សរុបចំនួន ៥០០នាក់ ក្នុងគោលបំណង៖ (១)លើកកម្ពស់ការយល់ដឹងសាធារណៈ អំពីសារៈសំខាន់នៃជីវៈចម្រុះ (២) បង្ហាញនិងលើកកម្ពស់សកម្មភាពមូលដ្ឋានក្នុងការអភិរក្សជីវៈចម្រុះ (៣) ជំរុញការចូលរួមរបស់សហគមន៍មូលដ្ឋាននិងយុវជនលើការងារអភិរក្ស (៤)គាំទ្រការអនុវត្តយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះជាតិ (NBSAP) និង (៥)បង្កើនកិច្ចសហការរវាងរដ្ឋាភិបាល អង្គការដៃគូ និងសហគមន៍៕