កងទ័ព និងស្ថាប័នស៊ីវិលហ្វីលីពីន ធ្វើសមយុទ្ធការពារទឹកដីទ្រង់ទ្រាយធំរួមគ្នា ដើម្បីសហការគ្នាឱ្យបានរលូន ក្នុងករណីមានសង្គ្រាមឈ្លានពានណាមួយកើតឡើង
ហ្វីលីពីន៖ កងទ័ពហ្វីលីពីន រដ្ឋបាលក្នុងស្រុក និងបណ្តាស្ថាប័នស៊ីវិលនានា បានសហការជាលើកដំបូងក្នុងការបើកសមយុទ្ធការពារជាតិទ្រង់ទ្រាយធំរួមគ្នាជាប្រវត្តិសាស្ត្រ នៅក្នុងដែនទឹកជាប់ឆ្នេរសមុទ្រ នាខេត្តដាវ៉ៅ អូរីយ៉ង់តាល់ (Davao Oriental) ដើម្បីពង្រឹងសាច់ដុំយោធា និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា រវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការការពារបូរណភាពទឹកដី ។
នៅក្នុងព្រឹត្តិការណ៍ហ្វឹកហ្វឺនកាលពីពេលថ្មីៗនេះ គេសង្កេតឃើញមានសកម្មភាពបាញ់គ្រាប់ពិតជាក់ស្តែងពីសំណាក់អង្គភាពកាំភ្លើងធំ និងក្រុមយុទ្ធសាស្ត្រចម្រុះទៅលើគោលដៅសាកល្បងនៅលើផ្ទៃសមុទ្រ ខណៈដែលអភិបាលខេត្ត ក៏បានចុះទៅកាន់អាវុធដោយផ្ទាល់ និងចូលរួមបាញ់គ្រាប់ពិត ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ផងដែរ ។
បើតាមការគូសបញ្ជាក់ពីមេបញ្ជាការកងទ័ពកាំភ្លើងធំហ្វីលីពីន ឱ្យដឹងថា សមយុទ្ធនេះមានតម្លៃយុទ្ធសាស្ត្រខ្ពស់ណាស់ ក្នុងការផ្សារភ្ជាប់គម្លាតរវាងការរៀបចំផែនការយោធារបស់មេទ័ព និងការអនុវត្តជាក់ស្តែងរបស់រដ្ឋបាលមូលដ្ឋាន ដើម្បីធានាថាគ្រប់ផ្នែកទាំងអស់អាចសហការគ្នាបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្នុងករណីមានសង្គ្រាមឈ្លានពានណាមួយកើតឡើង ។
ចំណែកឯខាងរដ្ឋបាលស៊ីវិលឯណោះវិញ លោកអភិបាលខេត្ត ណិលសុន ដាយ៉ាងហ៊ីរ៉ាង (Nelson Dayanghirang) បានលើកឡើងថា កិច្ចការការពារជាតិមិនមែនជាបន្ទុករបស់កងទ័ពតែមួយក្រុមនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចរួមរបស់ពលរដ្ឋគ្រប់រូប ហើយការដែលឱ្យពលរដ្ឋស៊ីវិលបានដឹង និងបានរៀនសូត្រពីរបៀបការពារខ្លួនបែបនេះ គឺជាប្រៀបដ៏សំខាន់ក្នុងការទប់ទល់នឹងរាល់ព្រឹត្តិការណ៍ ឬគ្រោះអាសន្នទាំងឡាយណា ដែលអាចនឹងកើតមានឡើងនៅក្នុងពេលអនាគត ។
គួររំឭកថា សមយុទ្ធចម្រុះស្ថាប័នដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែឧសភា គឺមានការរួមដៃគ្នាចាប់ពីកងទ័ពជើងគោក ឆ្មាំសមុទ្រ នគរបាលជាតិ រហូតដល់ភ្នាក់ងារការពារស៊ីវិល ដោយផ្តោតសំខាន់ទៅលើការធ្វើតេស្តសាកល្បងសមត្ថភាពការពារដែនដីខ្នាតធំ និងការទាញយកហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមកប្រើប្រាស់ក្នុងពេលមានអាសន្នជាតិ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.