ពលរដ្ឋប្រហែល ៣៥០ គ្រួសារបាត់បង់ទីជម្រក ក្រោយភ្លើងឆេះផ្ទះសម្បែង១៧០ ខ្នងនៅជាយរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន
ហ្វីលីពីន៖ គ្រោះអគ្គិភ័យដ៏ខ្លាំងក្លា និងគួរឱ្យរន្ធត់មួយ បានឆាបឆេះនៅក្នុងតំបន់សហគមន៍លំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងណែនណាន់តាន់តាប់ ស្ថិតនៅក្នុងតំបន់ តាហ្គីក (Taguig) ជាយរដ្ឋធានីម៉ានី ប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃចន្ទ ដោយបានរុញច្រានឱ្យស្ថានភាពប្រកាសអាសន្នហក់ឡើងទៅដល់កម្រិតទីប្រាំ ខណៈក្រុមពន្លត់អគ្គិភ័យជួបការលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងអណ្តាតភ្លើង ដោយសារតែមានខ្យល់បោកបក់ខ្លាំង, ផ្ទះពលរដ្ឋសង់ឡើងជាប់ៗគ្នា និងមានដង់ស៊ីតេមនុស្សរស់នៅច្រើនកកកុញខ្លាំងពេក ។
គ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមផ្ទុះឡើងនៅវេលាម៉ោង ៥ ល្ងាច ហើយបានរីករាលដាលយ៉ាងឆាប់រហ័សពីផ្ទះមួយទៅផ្ទះមួយផ្សេងទៀតដែលសាងសង់ប្រកៀកប្រកិតគ្នា ម្យាងភ្លើងដែលឆាបឆេះយ៉ាងគំហុកនេះ ក៏ដោយសារតែមានកម្លាំងខ្យល់ជួយបោកបក់បន្ថែមទៀតដែរ ដែលជាហេតុធ្វើឱ្យផ្ទះប្រជាពលរដ្ឋប្រមាណជា ១៧០ ខ្នង ត្រូវភ្លើងលេបត្របាក់ខ្ទេចខ្ទីគ្មានសល់ និងធ្វើឱ្យគ្រួសារជនរងគ្រោះប្រហែល ៣៥០ គ្រួសារ ត្រូវបាត់បង់ទីជម្រកស្នាក់នៅ ។
ទោះបីជាអណ្តាតភ្លើង បានបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងធំធេង និងតម្រូវឱ្យក្រុមសង្គ្រោះបន្ទាន់សម្រុកពន្លត់ទាំងយប់អាធ្រាត្រក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការបាត់បង់ជីវិត ឬរបួសស្នាមរបស់ប្រជាពលរដ្ឋណាម្នាក់ឡើយ ខណៈដែលអាជ្ញាធរហ្វីលីពីន កំពុងបន្តបើកការស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ។
គួររំឭកថា គ្រោះមហន្តរាយនៅហ្វីលីពីននាពេលថ្មីៗនេះ បានកើតមានឡើងជាហូរហែ ដោយកាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា មានករណីគ្រោះអគ្គិភ័យដ៏ខ្លាំងក្លាមួយ បានឆាបឆេះតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្នុងសហគមន៍ ប៉ារ៉ូឡា (Parola) សង្កាត់ប៊ីណុនដូ (Binondo) ដែលជាតំបន់ឆាយណាថោន (Chinatown) ដ៏ចំណាស់ជាងគេបំផុតលើពិភពលោក ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ ក្រោយមក នៅព្រឹកព្រលឹមថ្ងៃអាទិត្យ មានករណីបាក់ស្រុតសំណង់អគារកម្ពស់ ៩ជាន់ នៅក្នុង ទីក្រុងអ៊ែនជើលឡេស (Angeles City) ភាគខាងជើងប្រទេស ដោយបានសម្លាប់មនុស្ស ៤នាក់ រួមទាំងបុរសវ័យ ឆ្នាំជនជាតិម៉ាឡេស៊ីម្នាក់ ខណៈ ១៧នាក់ទៀតបាត់ខ្លួន ភាគច្រើនជាកម្មករនៅទីតាំងកើតហេតុ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.