លោក ត្រាំ លើកតម្កើងអាម៉េរិកថាជាអ្នកសង្គ្រោះពិភពលោកចេញពីរបបផ្ដាច់ការ និងបន្ថែមថា អ៊ីរ៉ង់នឹងមិនអាចមាននុយក្លេអ៊ែរជាដាច់ខាត
សហរដ្ឋអាម៉េរិក៖ នៅក្នុងឱកាសប្រារព្ធទិវាបុណ្យរំឭកវិញ្ញាណក្ខន្ធយុទ្ធជនពលីរបស់អាម៉េរិក (Memorial Day) នៅទីក្រុងអាលីងថុន (Arlington) រដ្ឋវីជីនៀ (Virginia) កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកលើកតម្កើងអំណាចយោធា និងសីលធម៌របស់សហរដ្ឋអាម៉េរិក ថាជាប្រជាជាតិដែលបានជួយសង្គ្រោះជីវិតមនុស្ស និងរំដោះពលរដ្ឋរាប់ពាន់លាននាក់ចេញពីរបបផ្តាច់ការ បានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ។
ប្រធានាធិបតីអាម៉េរិករូបនេះ បានប្រៀបប្រដូចទាហានពលីរបស់អាម៉េរិក ថាជា «ទេវតាតាមថែរក្សា» ដែលបានលះបង់សាច់ស្រស់ឈាមស្រស់នៅលើសមរភូមិ ដើម្បីឈរយាមការពារខ្សែបន្ទាត់រវាងសេរីភាព និងរបបផ្តាច់ការ ព្រមទាំងរវាងអារ្យធម៌ត្រចះត្រចង់ និងភាពព្រៃផ្សៃឃោរឃៅ ចាប់តាំងពីការកកើតរដ្ឋនៅឆ្នាំ១៧៧៦ រហូតមកដល់ឆ្នាំ២០២៦ នេះ ។
អំឡុងថ្លែងសុន្ទរកថានោះ លោក ត្រាំ ក៏បានឆ្លៀតនិយាយវាយប្រហារយ៉ាងខ្លាំងៗទៅលើប្រទេសអ៊ីរ៉ង់ និងបានប្តេជ្ញាចិត្តយ៉ាងដាច់អហង្ការថា ទីក្រុងតេហ៍រ៉ង់ ដែលលោកចាត់ទុកថាជាមេធំគាំទ្រអំពើភេរវកម្មលេខមួយលើលោក នឹងមិនអាចមានឱកាសក្តោបក្តាប់អាវុធនុយក្លេអ៊ែរបានជាដាច់ខាត ។
ជាមួយគ្នានេះ លោក ត្រាំ ក៏បានរំឭក និងគោរពវិញ្ញាណក្ខន្ធដល់ទាហានអាម៉េរិកចំនួន ១៣នាក់ ដែលបានពលីជីវិតនៅក្នុងប្រតិបត្តិការនាពេលថ្មីៗនេះ ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ ព្រមទាំងបានលើកឡើងពីជ័យជម្នះទាំងស្រុងនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា ជាទីតាំងយុទ្ធសាស្ត្រមួយដែលអាម៉េរិកបានចូលទៅគ្រប់គ្រងដោយជោគជ័យ ។
ទាក់ទិននឹងកិច្ចចរចាសន្តិភាព លោក ត្រាំ បានដាក់លក្ខខណ្ឌដាច់ខាតថា លោកចង់បានដំណោះស្រាយសន្តិភាពដែល «មានន័យពិតប្រាកដ» តែប៉ុណ្ណោះ ហើយលោកក៏បានបង្គាប់ឱ្យបណ្តាប្រទេសអារ៉ាប់ ដូចជា អារ៉ាប៊ីសាអូឌីត និងកាតា ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាប្រាហាំជាមួយអ៊ីស្រាអ៊ែលជាកាតព្វកិច្ច បើមិនចង់ឱ្យគេចាត់ទុកថាមានចេតនាមិនល្អ ។
ទោះជាយ៉ាងណាក្ដី ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញមុខបដិសេធភ្លាមៗ ដោយបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយដែលអាចនឹងលេចរូបរាងឡើងឡើយ ហើយកិច្ចចរចាបច្ចុប្បន្ន ក្រោមការសម្របសម្រួលពីប៉ាគីស្ថាន គឺផ្តោតលើការបញ្ចប់សង្គ្រាម មិនមែនជជែកពីរឿងអាវុធនុយក្លេអ៊ែរនោះទេ ព្រោះអ៊ីរ៉ង់តែងតែប្រកាន់ជំហរថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនធ្វើឡើងដើម្បីសន្តិភាពតែប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ The White House via VIORY/ starnewsphilly & foxnews on Microsoft Bing