សង្គម

រដ្ឋបាលខេត្តកណ្តាល ផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខេត្តកណ្តាល

image


កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខេត្តកណ្តាល ក្រោមវត្តមានលោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លិក គួច ចំរើន បានបញ្ជាក់ថា
ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងការចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ក៏ដូចជាការចុះឆែកឆេរភ្លាមៗ ផ្អែកតាមព័ត៌មាន និងតម្រុយដែលទទួលបានពីគ្រប់ប្រភព។
អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ត្រូវបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក គួច ចំរើន ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តចុះណែនាំដល់ម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងដែលមានអ្នកស្នាក់នៅប្រមូលផ្តុំ និងម្ចាស់បុរី ឱ្យអនុវត្តអំពីកាតព្វកិច្ច រាយការណ៍ ពីអ្នកស្នាក់នៅ ក្នុងទីតាំងរស់នៅប្រមូលផ្តុំរបស់ខ្លួន ឱ្យបានទៀងទាត់តាមពេលកំណត់ ដោយត្រូវផ្តល់បញ្ជីឈ្មោះអ្នកស្នាក់នៅ និងឯកសារសម្គាល់ការស្នាក់នៅ ឬឯកសារផ្សេងៗ តាមការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាព។
បន្ថែមពីលើនេះ លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរអាក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយ និងណែនាំ ដល់បណ្ដាក្រុមហ៊ុនទាំងអស់ដែលមានទីតាំងបម្រើសេវាអ៊ីនធឺណេតក្នុងខេត្តកណ្ដាល ឱ្យរាយការណ៍អំពីទីតាំងដែលស្នើសុំតភ្ជាប់អ៊ីនធឺណេតប្រើប្រាស់ទំហំធំចាប់ពី ១០០Mbps ឡើងទៅ និងផ្តល់ Location មកមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត។ ជាពិសេស ត្រូវបន្តដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវសំខាន់ៗ ដើម្បីទប់ស្កាត់ការចល័តរបស់ជនបរទេស ពីទីតាំងផ្សេងៗ ចូលមកក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ច័ន្ទដារា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តជានយោបាយដោយសម្រួចឆន្ទៈក្នុងការបោសសម្អាតឱ្យអស់ពីកម្ពុជា ដោយបានដាក់ចេញនូវវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ពិសេសការអនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្តារមុខមាត់កិត្តិយសកម្ពុជាឡើងវិញ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ជារួមកិច្ចប្រតិបត្តិការបង្ក្រាបដំណាក់កាលដំបូងបានកាត់បន្ថយបទល្មើសនៅតាមបណ្តាទីតាំងធំៗ បានធ្វើឱ្យបរិយាកាសសន្តិសុខមានភាពល្អប្រសើរឡើងវិញ។ ប៉ុន្តែក្រុមឧក្រិដ្ឋជន បានផ្លាស់ប្តូរល្បិចកល និងរូបភាពដោយបំបែកខ្លួនជាក្រុមតូចៗសម្ងំធ្វើសកម្មភាពក្នុងសហគមន៍ ដែលទាមទារឱ្យមានការបន្តនិរន្តរភាពនៃកិច្ចប្រតិបត្តិការបោសសម្អាតនេះឱ្យកាន់តែសកម្ម និងហ្មត់ចត់បំផុតដើម្បីបំបាត់ឱ្យដល់ប្ញសគល់។

លោក បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាត Online Scams នេះក្នុងគោលដៅរួមចំណែកធ្វើឱ្យសម្រេចក្នុងការលុបបំបាត់ទាំងស្រុង បទល្មើសនេះពីព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋលេខាធិការប្រចាំការ បានបន្ថែមទៀតថា ចំពោះបញ្ហានេះ ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានចេញសេចក្តីប្រកាសព័ត៌មានលេខ ០០៣ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយរាជរដ្ឋាភិបាលបានកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្រយុទ្ធប្រឆាំងរយៈពេលវែង ដែលបានបង្ហាញអំពីឆន្ទៈដឹកនាំ និងការប្តេជ្ញាចិត្តខ្ពស់បំផុតជាថ្មីម្តងទៀតក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទដោយគ្មានការអត់ឱន៕

អត្ថបទ៖ ឈុន សុភ័ក្រ