មនុស្ស ១៧នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿននៅភាគពាយព្យប្រទេសប៉ាគីស្ថាន
ប៉ាគីស្ថាន៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងគួរឱ្យសង្វេគមួយ បានកើតឡើងនៅលើផ្លូវល្បឿនលឿន ស្វាត (Swat Expressway) ស្ថិតនៅក្នុងស្រុកម៉ាដាន់ (Mardan) ខេត្តខាយប៊ើ ប៉ាក់ទូនខ្វា (Khyber Pakhtunkhwa) ភាគពាយព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ដោយបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតភ្លាមៗ និងមានអ្នកស្លាប់បន្ថែមទៀតពេលទៅដល់មន្ទីរពេទ្យ ធ្វើឱ្យតួលេខសរុបកើនឡើងដល់ ១៧ នាក់ និងរបួសជាច្រើននាក់ទៀត ។
មូលហេតុនៃសោកនាដកម្មនេះ ផ្តើមចេញពីឡានក្រុងដឹកអ្នកដំណើរមួយគ្រឿងបានខូចម៉ាស៊ីន ហើយក៏បានអែបឈប់នៅលើចិញ្ចើមផ្លូវល្បឿនលឿន ប៉ុន្តែជាអកុសល មានឡានឈ្នួលខ្នាតតូចមួយគ្រឿងទៀតដែលបើកបរក្នុងល្បឿនលឿនមកពីក្រោយ ក៏ជ្រុលទៅបុកឡានក្រុងដែលនៅឈប់ស្ងៀមនោះ និងបុកអ្នកដំណើរដែលឈរក្បែរនោះពេញទំហឹង ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យម៉ាដាន់ ដោយនៅក្នុងនោះ អ្នកនាំពាក្យមន្ទីរពេទ្យ អះអាងថា មានអ្នករងរបួសធ្ងន់ ២ នាក់បន្ថែមទៀត បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ខណៈបច្ចុប្បន្ន មានជនរងគ្រោះចំនួន ៦ នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការតាមដាន និងព្យាបាលពីគ្រូពេទ្យនៅឡើយ ។
របាយការណ៍ គូសបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បែបនេះ ជារឿងដែលកើតឡើងសឹងរាល់ថ្ងៃនៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែកត្តារួមផ្សំសំខាន់ៗ ដូចជា ការបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ការអនុវត្តច្បាប់ចរាចរណ៍នៅមានកម្រិតធូររលុង ភាពហត់នឿយអស់កម្លាំងរបស់តៃកុងឡាន និងការធ្វេសប្រហែសមិនបានពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.