ព័ត៌មានអន្តរជាតិ

លោក ណេតានីយ៉ាហ៊ូ ប្រកាសពីជោគជ័យនៃការកម្ទេចក្រុមហេសបូឡាហ៍ជាង ៦០០ នាក់ ហើយប្ដេជ្ញាបន្តវាយឱ្យខ្ទេចឫសគល់

image


 
អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ នៅដើមសប្ដាហ៍នេះ បានចេញបញ្ជាយ៉ាងដាច់ណាត់ទៅកាន់កងទ័ពជើងគោក និងកងទ័ពអាកាសរបស់ខ្លួន ឱ្យបន្តបង្កើនការវាយប្រហារ និងពង្រឹងកម្លាំងសឹកកម្ទេចក្រុមហេសបូឡាហ៍នៅក្នុងប្រទេសលីបង់ឱ្យកាន់តែធ្ងន់ដៃជាងមុន ដោយមិនបន្ធូរដៃឡើយ ទោះបីជាបច្ចុប្បន្នពិភពលោកកំពុងដឹងថា មានកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ក្រោមការសម្របសម្រួលពីសហរដ្ឋអាម៉េរិកក៏ដោយ ។
 
មេដឹកនាំអ៊ីស្រាអ៊ែលរូបនេះ បានអះអាងការពារគោលជំហរយោធារបស់ខ្លួន ដោយលើកឡើងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងទ័ពអ៊ីស្រាអ៊ែលបានកម្ទេចសមាជិកក្រុមហេសបូឡាហ៍អស់ជាង ៦០០ នាក់រួចទៅហើយ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ៊ីស្រាអ៊ែលត្រូវតែបន្តសម្រុកបើកការវាយប្រហារបន្ថែមទៀត ដើម្បីបោសសម្អាត និងកម្ទេចរចនាសម្ព័ន្ធចាត់តាំងរបស់ក្រុមនេះ ឱ្យដួលរលំដល់ឫសគល់តែម្ដង ។
 
ភ្លាមៗក្រោយការបញ្ជានេះ កងទ័ពអ៊ីស្រាអ៊ែល (IDF) បានបើកប្រតិបត្តិការចាក់ស្រោចគ្រាប់បែកជាង ៨៥ គ្រាប់ ដោយលេបត្របាក់ទីតាំងយុទ្ធសាស្ត្ររបស់ក្រុមហេសបូឡាហ៍ចំនួន ៧០ កន្លែងនៅទូទាំងប្រទេសលីបង់ ពិសេសនៅក្នុងជ្រលងភ្នំបេកា និងតំបន់ថាយអ័រ (Tyre) ដោយបានកម្ទេចទាំងឃ្លាំងអាវុធ និងមជ្ឈមណ្ឌលបញ្ជាការដ្ឋានជាច្រើនកន្លែង ចំពេលដែលភាគីទាំងសងខាង កំពុងស្ថិតក្នុងដំណាក់កាលនៃបទឈប់បាញ់នៅឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY Thumbnail/ AFP/ (Daniel Berehulak/The New York Times)