សង្គម

អនុប្រធានទី១រដ្ឋសភា៖ ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងធ្ងន់ធ្ងរដល់កសិករ និងសន្តិសុខស្បៀងនៅកម្ពុជា

image


ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានថ្លែងថា ការប្រែប្រួលអាកាសធាតុ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យសំខាន់ៗរបស់កម្ពុជា ជាពិសេសវិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈកម្ពុជា នៅតែជាប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យងាយរងគ្រោះដោយសារអាកាសធាតុ។
ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសភាជាតិស្តីពី “អភិបាលកិច្ចអាកាសធាតុ” ដែលប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយលោក ជាម យៀប បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

លោកអនុប្រធានទី១រដ្ឋសភា បានបញ្ជាក់ថា ការកើនឡើងនៃសីតុណ្ហភាពខ្ពស់ខ្លាំង ការធ្លាក់ភ្លៀងមិនទៀងទាត់ និងគ្រោះរាំងស្ងួតអូសបន្លាយ កំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់កសិករ កម្លាំងពលកម្ម និងសន្តិសុខស្បៀងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ គ្រោះទឹកជំនន់ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់វាលទំនាបផងដែរ។
លោកបានសង្កត់ធ្ងន់ថា បញ្ហាប្រែប្រួលអាកាសធាតុ មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាបញ្ហាសន្តិសុខមនុស្សជាតិទាំងមូល ដែលទាមទារឱ្យមានការចូលរួមដោះស្រាយរួមគ្នា។ លោកព្រមានថា ប្រសិនបើមិនមានវិធានការជាក់ស្តែងក្នុងការការពារ កាត់បន្ថយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុទេ នោះពិភពលោកអាចប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ធ្ងន់ធ្ងរ ដែលអាចនាំទៅរកអស្ថិរភាពសង្គម និងនយោបាយផងដែរ។

លោក ជាម យៀប បន្តថា គ្មានប្រទេសណាមួយអាចយកឈ្នះលើវិបត្តិអាកាសធាតុដោយខ្លួនឯងបានទេ ព្រោះការប្រែប្រួលអាកាសធាតុគ្មានព្រំដែន។ ដូច្នេះ ប្រទេសជាសមាជិកអាស៊ាន ត្រូវរួបរួមគ្នាជាសម្លេង និងទិសដៅតែមួយ ដើម្បីការពារប្រជាជន និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងន័យនេះ លោកបានលើកឡើងពីតួនាទីសំខាន់របស់អាយប៉ា (AIPA) ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈការសម្របសម្រួលផ្នែកច្បាប់ ការចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ល្អៗ ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។

លោកក៏បានអំពាវនាវឱ្យពង្រឹងអភិបាលកិច្ច តម្លាភាព និងការការពារសិទ្ធិ ដើម្បីធានាថា ផលប្រយោជន៍នៃការអភិវឌ្ឍបៃតង នឹងធ្លាក់ទៅដល់សហគមន៍មូលដ្ឋាន និងរួមចំណែកពិតប្រាកដក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ជាមួយគ្នានេះ លោកបានជំរុញឱ្យកាត់បន្ថយរបាំងមិនចាំបាច់នានា ដើម្បីទាក់ទាញការវិនិយោគលើវិស័យថាមពលបៃតង និងថាមពលកកើតឡើងវិញ ព្រមទាំងបង្កើតបរិយាកាសបទប្បញ្ញត្តិអំណោយផល សម្រាប់ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ វង សុភ័ក្ត្រ