សង្គម

ពលរដ្ឋបារម្ភពីគុណភាពសាងសង់ ខណៈគម្រោងសាងសង់ផ្លូវបេតុងមូលនិធិឃុំ ១គម្រោង នៅឃុំគគីរ ស្រុកមេមត់ ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃទាបខ្លាំង

image


ត្បូងឃ្មុំ៖ អាជ្ញាធរស្រុកមេមត់ បានរៀបចំពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមូលនិធិឃុំ តាមយន្តការលទ្ធិប្រជាធិបតេយ្យដើម្បីអភិវឌ្ឍន៍មូលដ្ឋានថ្នាក់ក្រោមជាតិ ចំនួន១គម្រោង នៅសាលាឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
ពិធីដេញថ្លៃនេះ មានការចូលរួមពីលោក ស្រេង លី អភិបាលស្រុកមេមត់ លោក សឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃជាច្រើន និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីគម្រោងផ្លូវខាងលើ។

លោក ស្រេង លី បានថ្លែងថា ការដេញថ្លៃគម្រោងសាធារណៈ ត្រូវធ្វើឡើងដោយតម្លាភាព និងប្រកួតប្រជែងត្រឹមត្រូវ ដើម្បីសន្សំថវិកាជូនរដ្ឋ។ លោកបញ្ជាក់ថា ក្នុងករណីមានការចុះតម្លៃទាប និងនៅសល់ថវិកាគម្រោងច្រើន ថវិកាដែលនៅសល់នឹងត្រូវយកទៅប្រកាសដេញថ្លៃសម្រាប់គម្រោងផ្សេងបន្តទៀត មិនមែនផ្តល់ឱ្យក្រុមហ៊ុនឈ្នះដេញថ្លៃអនុវត្តបន្ថែមដោយស្វ័យប្រវត្តិនោះទេ។
សូមបញ្ជាក់ថា គម្រោងខាងលើ គឺជាការសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ដែលមានតម្លៃប៉ាន់ស្មានសរុប ២១២.៦៩៩.០០០រៀល។ ក្នុងការដេញថ្លៃ ក្រុមហ៊ុន ហេង ផន ខន់ស្ត្រាកសិន បានដាក់តម្លៃ ៨០.៦០០.០០០រៀល ដែលជាតម្លៃទាបជាងគេដំបូង ខណៈក្រុមហ៊ុន ហ៊ន សោភា ខុនស្ត្រាក់សិន ដាក់តម្លៃ ៨៩.៦០០.០០០រៀល។
បន្ទាប់ពីគណៈកម្មការធ្វើការកែតម្រូវឯកសារ និងតម្លៃរួច ក្រុមហ៊ុន ហ៊ន សោភា ខុនស្ត្រាក់សិន បានកែតម្លៃចុះមកនៅត្រឹម ៨៥.០០០.០០០រៀល ដែលក្លាយជាតម្លៃទាបជាងគេ និងទទួលបានសិទ្ធិអនុវត្តគម្រោងផ្លូវខាងលើ។

យ៉ាងណាក៏ដោយ ការចុះតម្លៃទាបខ្លាំងបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងមហាជនមួយចំនួន សម្តែងការព្រួយបារម្ភអំពីគុណភាពសំណង់ផ្លូវ។ ក្តីបារម្ភនេះ កើតឡើងស្របពេលដែលក្រុមហ៊ុន ហ៊ន សោភា ខុនស្ត្រាក់សិន កំពុងរងការរិះគន់លើបណ្តាញសង្គម ពាក់ព័ន្ធនឹងគម្រោងផ្លូវបេតុងមួយកន្លែង នៅភូមិត្រសិទ្ធ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវបានអាជ្ញាធរមូលដ្ឋានឱ្យគាស់ចេញ និងសាងសង់ឡើងវិញ ដោយសាររងការចោទថាមានបញ្ហាគុណភាព៕

ដោយ៖ សុខ ផន