សង្គម

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកែប ចុះ MOU ពង្រឹងការសម្រុះសម្រួលផ្សះផ្សាវិវាទ និងផ្តល់សេវាយុត្តិធម៌កាន់តែលឿនជូនប្រជាពលរដ្ឋ

image


កែប៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកែប បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងផ្តល់សេវាយុត្តិធម៌កាន់តែលឿនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។
បើតាមការបញ្ជាក់របស់មន្ត្រីពាក់ព័ន្ធ ការចុះ MOU រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកែប នាពេលនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការលើការពង្រឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតលើការបង្កើនប្រសិទ្ធភាព កាត់បន្ថយនីតិវិធីស្មុគស្មាញ និងជួយឱ្យការដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋប្រព្រឹត្តទៅបានឆាប់រហ័ស ត្រឹមត្រូវ និងសមស្របទៅតាមតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។

សូមគូសបញ្ជាក់ថា ការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនត្រឹមតែជួយសម្រួលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមកាត់បន្ថយភាពកកស្ទះសំណុំរឿងនៅតុលាការ និងលើកកម្ពស់វប្បធម៌សន្តិភាព និងការយោគយល់គ្នានៅក្នុងសង្គមផងដែរ៕