ចម្ការទុរេនអាយុជិត ៤០ឆ្នាំ នៅជាប់ភ្នំខ្វាវ ខេត្តកែប កំពុងទាក់ទាញអតិថិជនដោយសាររសជាតិឆ្ងាញ់ពិសេស
កែប៖ នៅតំបន់ជាប់ភ្នំខ្វាវ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មានចម្ការទុរេនចាស់មួយកន្លែង ដែលបានដាំបន្តតាំងពីជំនាន់មុន និងមានអាយុកាលប្រមាណជិត ៤០ឆ្នាំ។ ទោះបីដើមខ្លះត្រូវបានកាប់ចោលដោយសារអាយុកាលចាស់ក្តី បច្ចុប្បន្នម្ចាស់ចម្ការកំពុងមមាញឹកប្រមូលផលពីដើមថ្មីៗ ខណៈទុរេននៅទីនេះត្រូវបានអតិថិជនសរសើរថា មានរសជាតិឆ្ងាញ់ពិសេស និងលក់បានតម្លៃល្អលើទីផ្សារ។
លោក ហេង សិទ្ធ ម្ចាស់ចម្ការ ដែលបន្តមុខរបរពីឪពុកម្តាយ បានឱ្យដឹងថា ទុរេនភាគច្រើននៅក្នុងចម្ការគឺជាពូជដើម ដែលដាំបន្តពីជំនាន់មុន។ ដោយសារអំណោយផលពីដីមានជីជាតិ និងអាកាសធាតុស្ថិតជាប់តំបន់ភ្នំ និងសមុទ្រ ធ្វើឱ្យផ្លែទុរេនមានរសជាតិផ្អែម ឈ្ងុយ និងសាច់ក្រាស់។
លោកបន្តថា បច្ចុប្បន្នទុរេនកំពុងចាប់ផ្តើមប្រមូលផល និងលក់បានតម្លៃល្អ ប្រមាណ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ មកដល់ពេលនេះ ចម្ការរបស់លោកប្រមូលផលបានជាង ៦០០គីឡូក្រាមហើយ ដោយភាគច្រើនមានម៉ូយមកទិញផ្ទាល់ដល់ចម្ការ និងចែកចាយនៅក្នុងខេត្តកែប ព្រមទាំងតំបន់ជិតព្រំដែនព្រែកចាកផងដែរ។ តាមការប៉ាន់ស្មាន ឆ្នាំនេះ ចម្ការទាំងមូលអាចប្រមូលផលបានប្រមាណ ៤តោន។
ជាមួយគ្នានេះ លោក លី ចាន់វាសនា មន្ត្រីកសិកម្មឃុំពងទឹក បានលើកឡើងថា ទុរេននៅតំបន់ភ្នំខ្វាវ មានគុណភាពល្អ ដោយកសិករភាគច្រើនផ្តោតលើការប្រើប្រាស់ជីសរីរាង្គ និងកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់ និងរក្សាគុណភាពដីក្នុងរយៈពេលវែង។
មន្ត្រីជំនាញ ក៏បានជំរុញឱ្យកសិករយកចិត្តទុកដាក់លើបច្ចេកទេសដាំដុះ និងការថែទាំតាមស្តង់ដារ ដើម្បីលើកកម្ពស់គុណភាពផលិតផលកសិកម្មក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ។
គួរបញ្ជាក់ថា តំបន់ភ្នំខ្វាវ នៃឃុំពងទឹក ស្រុកដំណាក់ចង្អើរ ត្រូវបានចាត់ទុកជាតំបន់មានសក្តានុពលខ្ពស់លើដំណាំហូបផ្លែ និងដំណាំកសិកម្មចម្រុះ ដោយសារអំណោយផលពីធម្មជាតិ និងដីមានជីជាតិល្អ។ ជាមួយគ្នានេះ ម្ចាស់ចម្ការក៏មានគម្រោងពង្រីកការដាំដុះបន្ថែមទៀត ដោយគ្រោងដាំដើមទុរេនថ្មីជាង ១០០ដើមនាពេលខាងមុខ៕
អត្ថបទ៖ ង៉ុង សាន់