សង្គម

កម្ពុជា រំពឹងកាត់បន្ថយការប្រើប្រាស់ប្រេងផលិតអគ្គិសនី ក្នុងរដូវវស្សា ខណៈវារីអគ្គិសនីបង្កើនសមត្ថភាពផលិតកាន់តែច្រើន

image


ភ្នំពេញ៖ ការប្រើប្រាស់អគ្គិសនីពីប្រភពប្រេងឥន្ធនៈរបស់កម្ពុជា នៅក្នុងរដូវវស្សាឆ្នាំនេះ ត្រូវបានរំពឹងថានឹងថយចុះជាបណ្តើរៗ ខណៈការផលិតថាមពលពីប្រភពវារីអគ្គិសនីនឹងកើនឡើងវិញ ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ច្រើន។ កត្តានេះ ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់ក្នុងការជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ ដែលកំពុងមានតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ។
ការលើកឡើងនេះ ធ្វើឡើងដោយ លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា ក្នុងពេលផ្តល់បទសម្ភាសផ្តាច់មុខជាមួយ CNC។

លោក បានឱ្យដឹងថា ការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល ដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យកម្ពុជាចំណាយបន្ថែមប្រមាណ ៣៥លានដុល្លារ សម្រាប់ការផលិតអគ្គិសនី ក្នុងរយៈពេលពីរខែ គឺខែមីនា និងខែមេសា ឆ្នាំ២០២៦។
ក្នុងនោះ ការចំណាយបន្ថែមលើការទិញប្រេងខ្មៅ មានប្រមាណ ២០លានដុល្លារ ខណៈតម្លៃប្រេងខ្មៅឡើងថ្លៃ ៤០០ដុល្លារ ក្នុងមួយតោន។ ចំណែក ការចំណាយលើធ្យូងថ្ម មានប្រមាណ ១៥លានដុល្លារ បន្ទាប់ពីតម្លៃធ្យូងថ្មបានកើនឡើងប្រមាណ ១៥ដុល្លារ ក្នុងមួយតោន។
ទោះជាយ៉ាងណា លោក ប្រាំង ជលសា បានបញ្ជាក់ថា ការចំណាយទាំងនេះ នឹងចាប់ផ្តើមថយចុះវិញជាបណ្តើរៗ នៅក្នុងខែឧសភា និងខែមិថុនា ដោយរំពឹងថា ការចំណាយបន្ថែមលើប្រេង និងធ្យូងថ្ម នឹងនៅសល់ប្រមាណ ២០លានដុល្លារប៉ុណ្ណោះ។

លោកបន្តថា ដោយសាររដូវវស្សាមានភ្លៀងធ្លាក់ច្រើន ប្រភពវារីអគ្គិសនីនឹងអាចដំណើរការបានកាន់តែច្រើន ដែលអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈដល់កម្រិតអប្បបរមា ឬអាចមិនប្រើប្រាស់តែម្តង ក្នុងអំឡុងខែកក្កដា សីហា និងកញ្ញា។
បច្ចុប្បន្ន ប្រភពផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា ក្នុងឆ្នាំ២០២៥ រួមមាន៖ ថាមពលពីធ្យូងថ្ម ៤៤% វារីអគ្គិសនីជាង ៤០% ថាមពលពន្លឺព្រះអាទិត្យជិត ១០% ការនាំចូលអគ្គិសនីពីប្រទេសជិតខាង ដូចជា ឡាវ និងវៀតណាម ប្រមាណ ៥% និងថាមពលជីវម៉ាសក្នុងចំនួនតិចតួច។
លោក ប្រាំង ជលសា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ សម្រាប់ផលិតអគ្គិសនី ដោយជំនួសមកវិញនូវការអភិវឌ្ឍថាមពលបៃតង និងថាមពលកកើតឡើងវិញក្នុងស្រុក។

ក្នុងផែនការឆ្នាំ២០២៥-២០៣០ កម្ពុជា គ្រោងអភិវឌ្ឍគម្រោងថាមពលធំៗជាច្រើន រួមមាន វារីអគ្គិសនីចំនួន ៧០០មេហ្កាវ៉ាត់ ស្ថានីយផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ ២.៥០០មេហ្កាវ៉ាត់ និងថាមពលខ្យល់ ៩០០មេហ្កាវ៉ាត់។
យ៉ាងណាក៏ដោយ លោក បានលើកឡើងថា ប្រភពថាមពលកកើតឡើងវិញទាំងនេះ មិនអាចផលិតអគ្គិសនីបានទៀងទាត់គ្រប់ពេលវេលានោះទេ។ ដូច្នេះ ការធ្វើអន្តរកាលថាមពល (Energy Transition) ដោយប្រើប្រាស់បច្ចេកវិទ្យាជំនួយ ដូចជា ប្រព័ន្ធអាគុយផ្ទុកថាមពលធំៗ (BESS) និងវារីអគ្គិសនីអាចបូមទឹកឡើងវិញបាន (Pumped Storage Hydro) រួមជាមួយប្រភពថាមពលដែលមានស្រាប់ នឹងដើរតួនាទីសំខាន់ក្នុងការធានាស្ថិរភាពនៃប្រព័ន្ធអគ្គិសនីជាតិ និងការដាក់បញ្ចូលថាមពលបៃតងឱ្យកាន់តែមានប្រសិទ្ធភាព៕