សង្គម

គិតមកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ” ទទួលបានការចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាត ជាង ៥០០ទីតាំង ក្នុងការគាំទ្រ និងដាក់តាំងលក់ផលិតផលខ្មែរ

image


ភ្នំពេញ៖ មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ទទួលបានការចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសជាង ៥០០ទីតាំង ក្នុងការគាំទ្រ និងដាក់តាំងលក់ផលិតផលខ្មែរ។
យុទ្ធនាការ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញការប្រើប្រាស់ផលិតផលជាតិ តាមរយៈការបង្ហាញ និងដាក់តាំងលក់នៅតាមផ្សារទំនើប ម៉ាត និងមីនីម៉ាតនានា ទូទាំងប្រទេស។

យុទ្ធនាការនេះ ធ្វើឡើងរយៈពេល ១សប្តាហ៍ ក្នុងមួយខែ និងបន្តរយៈពេលពេញ ១ឆ្នាំ ក្នុងគោលបំណងបង្ហាញពីការស្រឡាញ់ផលិតផលជាតិ គាំទ្រកសិករខ្មែរ និងផលិតករខ្មែរ ព្រមទាំងបង្ហាញពីស្មារតីស្រឡាញ់ជាតិមាតុភូមិ។
ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សាធារណជន និងភ្ញៀវទេសចរ ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករ ជំរុញការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។

សូមរំលឹកថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានគោលបំណងសំខាន់ៗ រួមមាន៖ ផ្សព្វផ្សាយភាពសម្បូរបែបនៃផលិតផលក្នុងស្រុក ឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់, លើកកម្ពស់ការយល់ដឹងអំពីគុណភាព តម្លៃ និងស្តង់ដារផលិតផលជាតិ, ផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសក្នុងស្រុក ក្នុងការភ្ជាប់ទីផ្សារ និងពង្រីកការដាក់លក់ផលិតផលនៅតាមផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងជួយឱ្យផលិតករខ្មែរ សិក្សាអំពីតម្រូវការទីផ្សារ ស្តង់ដារ និងនីតិវិធីនានា ដើម្បីពង្រឹងគុណភាពផលិតផល និងបង្កើនភាពប្រកួតប្រជែងលើទីផ្សារ៕