សង្គម

រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ពុំមានវត្តមាននៃបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ

image


រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ពុំមានវត្តមាននៃបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ។ ការបញ្ជាក់នេះ គឺបន្ទាប់ពីកម្លាំងជំនាញ និងអាជ្ញាធរ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរ ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី២៦ ខែឧសភានេះ បានឱ្យដឹងថា ចាប់តាំងពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ បានធ្វើរដ្ឋបាលចំហរនៅតាមបណ្តាទីតាំងដែលមានការសង្ស័យថា អាចកើតមានបទល្មើស ការឆបោកតាមប្រព័ន្ធបចកចេកវិទ្យា។ ជាលទ្ធផលជាក់ស្តែង នាពេលកន្លងមកឃើញថា៖ ខេត្តរតនគិរី ពុំមានវត្តមានបទល្មើស កើតឡើងទេ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រដ្ឋបាលខេត្ត នៅតែបន្តខិតខំប្រឹងប្រែងរឹតបន្តឹងបន្ថែមទៀត ដើម្បីធានាថា បទល្មើស ពិតជាមិនអាចកើតមានឡើងជាដាច់ខាត រួមទាំងបទល្មើសឆ្លងកាត់ផងដែរ។
នៅក្នុងរយៈពេល ០២ថ្ងៃចុងក្រោយនេះ ក្រោមបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់បទបញ្ជាតឹងរ៉ឹងដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ទាំង៩ ដើម្បីចុះប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរ ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៩ ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប។

ជាលទ្ធផល ចាប់ពីថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំង សរុបចំនួន ១២៤ទីតាំង និងបានត្រួតពិនិត្យជនបរទេសសរុបចំនួន ៦៦១ នាក់ (ស្រី ១៤ នាក់) ក្នុងនោះរួមមាន៖ ជនជាតិចិន ជនជាតិវៀតណាម ជនជាតិកូរ៉េខាងត្បូង ជនជាតិឥណ្ឌា និងជនជាតិម៉ាឡេស៊ី។
បន្ទាប់ពីសមត្ថកិច្ចជំនាញបានឆែកឆេរ ត្រួតពិនិត្យ (ទីតាំង សម្ភារ និងមនុស្ស) ក្រោមការសម្របសម្រួលនីតិវីច្បាប់ពីតំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី រួចមកឃើញថា ពុំមានវត្តមាននៃបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ នឹងបន្តចុះជាប់ជាប្រចាំដូចភ្លៀងរលឹម។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុង ខេត្តរតនគិរី ចូលរួមសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការផ្តល់ព័ត៌មានអំពីកន្លែងដែលសង្ស័យថា អាចមានការលាក់ខ្លួនរបស់ក្រុមឧក្រឹដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕