ចិន ដាស់តឿនអាម៉េរិក និងអ៊ីរ៉ង់ ឱ្យរក្សានិរន្តរភាពនៃការបន្ធូរបន្ថយភាពតានតឹង ដើម្បីឈានទៅបញ្ចប់សង្គ្រាម
ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម៉ៅ នីង (Mao Ning) កាលពីដើមសប្ដាហ៍នេះ បានចេញមុខប្រកាសស្វាគមន៍យ៉ាងពេញទំហឹង ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ព្រមទាំងបានអំពាវនាវឱ្យភាគីជម្លោះទាំងសងខាង បន្តរក្សានិរន្តរភាពនៃការបន្ធូរបន្ថយភាពតានតឹង ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមជាស្ថាពរ ។
ភាគីចិនសង្កត់ធ្ងន់ថា ពិភពលោកត្រូវតែប្រកាន់ខ្ជាប់នូវគោលដៅស្វែងរកដំណោះស្រាយនយោបាយ តាមរយៈការសន្ទនាគ្នា ដើម្បីដោះស្រាយកង្វល់រួម និងត្រូវប្រញាប់បើកច្រកផ្លូវនាវាចរណ៍អន្តរជាតិឡើងវិញឱ្យបានឆាប់ ដើម្បីស្តារសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រពែក្សឡើងវិញ ។
ជំហរគាំទ្ររបស់ចិន ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក បានអះអាងពីវឌ្ឍនភាពការទូតដ៏សំខាន់ ក្នុងន័យស្ថាបនាជាមួយអ៊ីរ៉ង់។ ទោះជាយ៉ាងណាក្ដី ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញមុខបដិសេធភ្លាមៗ ដោយបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយដែលអាចនឹងលេចរូបរាងឡើងឡើយ ហើយកិច្ចចរចាបច្ចុប្បន្ន ក្រោមការសម្របសម្រួលពីប៉ាគីស្ថាន គឺផ្តោតលើការបញ្ចប់សង្គ្រាម មិនមែនជជែកពីរឿងអាវុធនុយក្លេអ៊ែរនោះទេ ព្រោះអ៊ីរ៉ង់តែងតែប្រកាន់ជំហរថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនធ្វើឡើងដើម្បីសន្តិភាពតែប៉ុណ្ណោះ ។
ក្រៅពីបញ្ហានៅមជ្ឈិមបូព៌ា លោកស្រី ម៉ៅ នីង ក៏បានឆ្លៀតព្រមានទៅកាន់ក្រុមសមាជិកសភាអាល្លឺម៉ង់ ដែលមានគម្រោងធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដោយចិនបានដាស់តឿនឱ្យទីក្រុងប៊ែរឡាំង គោរពគោលការណ៍ «ចិនតែមួយ» ឱ្យបានដាច់ខាត និងត្រូវបញ្ឈប់ការផ្ញើសារខុសឆ្គង ដែលធ្វើឱ្យកោះតៃវ៉ាន់យល់ច្រឡំថាមានបរទេសនៅគាំទ្រពីក្រោយខ្នង ។
ជុំវិញរបាយការណ៍ដែលថា ចិនបានចល័តនាវាជាង ១០០គ្រឿង ទៅក្បែរកោះតៃវ៉ាន់ ក្រោយជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជិនពីង ភាគីចិនបានបកស្រាយថា សកម្មភាពយោធារបស់ខ្លួន ធ្វើឡើងស្របតាមច្បាប់អន្តរជាតិទាំងស្រុង ហើយចិននៅតែជាកម្លាំងដ៏សំខាន់ ក្នុងការជួយថែរក្សាសន្តិភាពក្នុងតំបន់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ edition.cnn on Microsoft Bing/ Freepik on Microsoft Bing