ព័ត៌មានអន្តរជាតិ

រុស្ស៊ី រឹតចំណងសេដ្ឋកិច្ចជាមួយកម្ពុជា ព្រមទាំងពង្រីកវិស័យការពារជាតិកម្រិតខ្ពស់ជាមួយវៀតណាម និងឡាវ

image


 
រុស្ស៊ី៖ ចំណងទាក់ទងទ្វេភាគីរវាងប្រទេសកម្ពុជា និងសហព័ន្ធរុស្ស៊ី បាននិងកំពុងបន្តបង្ហាញពីភាពរឹងមាំ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងខ្លាំងក្លា ខណៈនៅក្នុងខែឧសភានេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ ចំពេលដែលភាគីទាំងសងខាងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។
 
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទាំងភាគីកម្ពុជា និងរុស្ស៊ី បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយផ្ដោតសំខាន់ទៅលើវិស័យយុទ្ធសាស្ត្រស្នូលមួយចំនួន រួមមាន វិស័យពាណិជ្ជកម្មទ្វេភាគី ការអភិវឌ្ឍសេដ្ឋកិច្ច វិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្ស វិស័យទេសចរណ៍ ព្រមទាំងការទូតក្នុងតំបន់ផងដែរ ។
 
ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងលើវិស័យអប់រំ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អានដ្រេ រូឌែនកូ (Andrey Rudenko) បានគូសបញ្ជាក់ថា រុស្ស៊ីបានផ្តល់ការគាំទ្រទ្រង់ទ្រាយធំជាច្រើនឆ្នាំមកហើយ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងអ្នកជំនាញឯកទេសរបស់កម្ពុជា ដែលរហូតមកទល់ពេលនេះ មាននិស្សិត និងអ្នកជំនាញការខ្មែរជាង ៨,០០០ នាក់ហើយ ដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យពីគ្រឹះស្ថានអប់រំឈានមុខនានារបស់រុស្ស៊ី ។
 
ពាក់ព័ន្ធនឹងវិស័យអាជីវកម្មសេវាកម្ម និងទេសចរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៊ី លោក ពេជ្រគុណ បញ្ញា បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏មានតម្លៃ ដោយលើកឡើងថា ទោះបីជាកម្ពុជាមានទីតាំងភូមិសាស្ត្រស្ថិតនៅឆ្ងាយពីរុស្ស៊ីយ៉ាងណាក្ដី ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនរុស្ស៊ី ។
 
លោកឯកអគ្គរាជទូតកម្ពុជា បានបង្ហាញពីតួលេខគួរឱ្យកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរជនជាតិរុស្ស៊ីដែលធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ ដោយកាលពីឆ្នាំកន្លងទៅ មានភ្ញៀវទេសចររុស្ស៊ីជាង ៦៦,០០០ នាក់ បានធ្វើដំណើរមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ។
 
ទន្ទឹមនឹងការរឹតចំណងការទូតជាមួយកម្ពុជា ងាកទៅមើលប្រទេសវៀតណាមណោះវិញ កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៊ី និងវៀតណាម ក៏បានបើកកិច្ចចរចាកម្រិតកំពូលមួយនៅទីក្រុងម៉ូស្គូ ដោយបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការយោធា ការបណ្តុះបណ្តាលនាយទាហាន វិទ្យាសាស្ត្រ និងឧស្សាហកម្មការពារជាតិយ៉ាងធំធេង ។
 
នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អានដ្រេ បេឡូសូវ (Andrey Belousov) បានលើកឡើងថា ទំនាក់ទំនងរុស្ស៊ី-វៀតណាម គឺផ្អែកលើមិត្តភាពដ៏រឹងមាំ និងកិច្ចសន្ទនានយោបាយកម្រិតខ្ពស់បំផុត ព្រមទាំងបានចាត់ទុកវិស័យការពារជាតិថាជាសសរទ្រូងដ៏ចម្បងថែមទៀតផង ។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ផាន វ៉ាន់ហ្សាង (Phan Van Giang) ក៏បានជួបពិភាក្សាជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ស៊ឺហ្គី ស៊យហ្គូ (Sergei Shoigu) ផងដែរ ដោយបានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់លោក ពុទីន ដែលធ្វើឱ្យរុស្ស៊ីរក្សាបាននូវស្ថិរភាពនយោបាយ ជំរុញសេដ្ឋកិច្ច និងពង្រឹងជំហរអំណាចយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ។
 
លើសពីនេះ ទំនាក់ទំនងរុស្ស៊ី និងវៀតណាម ក៏បានពង្រីកខ្លួនដល់វិស័យអាជីវកម្ម និងគម្រោងយក្សផ្នែកសេដ្ឋកិច្ចធំៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជិញ (Pham Minh Chinh) ដែលបង្កើតឱ្យមានកិច្ចព្រមព្រៀងលើផ្នែកថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់វៀតណាម ដោយក្រុមហ៊ុនយក្សរ៉ូសាតូម (Rosatom) របស់រុស្ស៊ី ។
 
ក្រៅពីកម្ពុជានិងវៀតណាម ទីក្រុងម៉ូស្គូ ក៏បាននិងកំពុងពង្រីកឥទ្ធិពលយោធារបស់ខ្លួនទៅកាន់ប្រទេសឡាវផងដែរ ដោយនៅសប្តាហ៍នេះ កងទ័ពរុស្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមធ្វើសមយុទ្ធវាយប្រហាររួមគ្នា ដែលសកម្មភាពទាំងអស់នេះ បានសបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងម៉ូស្គូកំពុងតែបោះជំហានយ៉ាងរឹងមាំ ក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដីគោក តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រការទូតចម្រុះ កិច្ចសហប្រតិបត្តិការយោធាកម្រិតខ្ពស់ និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចយូរអង្វែង ជាមួយបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាម និងឡាវ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's video.