ជប៉ុនអនុម័តកញ្ចប់ថវិកា ៣ពាន់លានដុល្លារ ដើម្បីជួយចេញថ្លៃទឹកភ្លើង និងឧស្ម័នជូនប្រជាពលរដ្ឋ
តូក្យូ, ជប៉ុន៖ រដ្ឋាភិបាលជប៉ុន បានអនុម័តជាផ្លូវការនូវកញ្ចប់ថវិកាចំណាយចំនួន ៣ ពាន់លានដុល្លារអាមេរិក នៅថ្ងៃអង្គារ ថ្ងៃទី២៦ ខែឧសភានេះ ដើម្បីជួយសម្រាលបន្ទុកដល់ពលរដ្ឋក្នុងការបង់ថ្លៃអគ្គិសនី និងថ្លៃឧស្ម័ន ខណៈតម្លៃថាមពលប្រើប្រាស់ប្រចាំថ្ងៃកំពុងតែហក់ឡើងខ្ពស់ ដោយសារតែឥទ្ធិពលនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។
ដូចគ្នានឹងបណ្តាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ី ជប៉ុនពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលប្រេងឥន្ធនៈពីតំបន់មជ្ឈិមបូព៌ា ហើយពេលនេះ រដ្ឋាភិបាលជប៉ុនបានបោះជំហានយ៉ាងលឿនក្នុងការទប់ទល់នឹងផលប៉ះពាល់នៃការបិទខ្ទប់ច្រកសមុទ្រ ហ័រមូស (Hormuz) ដែលបានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ និងរុញតម្លៃប្រេងឱ្យឡើងថ្លៃ ។
ការសម្រេចចិត្តជួយចេញថ្លៃទឹកភ្លើង និងឧស្ម័នសម្រាប់រយៈពេល ៣ ខែ ចាប់ពីខែកក្កដានេះតទៅ កើតមានឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានប្រកាសពីផែនការរៀបចំកញ្ចប់ថវិកាបន្ថែមចំនួន ១៩ ពាន់លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃដែលកំពុងតែហក់ឡើងថ្លៃកប់ពពក ។
អនុរដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រីជប៉ុន លោក ម៉ាសាណាអុ អូហ្សាគិ (Masanao Ozaki) បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា «យើងបានអនុម័តលើការចំណាយថវិកាចំនួន ៥១៣.៥ ពាន់លានយ៉េន (ប្រហែល ៣ពាន់លានដុល្លារ) នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃនេះ» ដើម្បីជួយឧបត្ថម្ភធនលើថ្លៃអគ្គិសនី និងថ្លៃឧស្ម័នរបស់ពលរដ្ឋ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា។
ថវិកាឧបត្ថម្ភធនទាំងនេះ បានដកចេញពីកញ្ចប់ថវិកាបម្រុងដែលមានស្រាប់នៅក្នុងកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធនេះ។ លោក អូហ្សាគិ បានបន្តថា ថ្លៃអគ្គិសនី និងថ្លៃឧស្ម័ន ទំនងជាមិនទាន់ឡើងថ្លៃខ្លាំងភ្លាមៗនៅក្នុងខែនេះ ឬខែក្រោយនោះទេ ប៉ុន្តែការឡើងថ្លៃប្រេងឥន្ធនៈនាំចូល នឹងក្លាយជាកត្តាប្រឈមបន្ទាប់ ។
លោកសង្កត់ធ្ងន់ថា «ទោះបីជាស្ថានភាពនៅតំបន់មជ្ឈិមបូព៌ានៅតែមិនទាន់ច្បាស់លាស់ក៏ដោយ ក៏យើងនឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីធានាថា មិនមានការរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឬសកម្មភាពសេដ្ឋកិច្ចនោះឡើយ» ។
កាលពីថ្ងៃចន្ទ លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈិ ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលរំពឹងថានឹងអាចធានាបាននូវការផ្គត់ផ្គង់ប្រេងប្រកបដោយស្ថិរភាព រហូតដល់រដូវផ្ការីកឆ្នាំក្រោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP | រូបភាព៖ (AFP/STR/Jiji Press)/ (TOMOHIRO OHSUMI/BLOOMBERG).