អាជ្ញាធរខេត្តកំពង់ស្ពឺ ប្ដេជ្ញាបន្តបេសកកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់តែសកម្មថែមទៀត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពមនុស្សជាតិ
កំពង់ស្ពឺ៖ អភិបាលរងខេត្តកំពង់ស្ពឺ លោកស្រី គា សុភូ បានលេីកឡេីងថា អាជ្ញាធរខេត្តប្តេជ្ញាបន្តបេសកកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនមនុស្សជាតិ។ ការប្ដេជ្ញាបែបនេះធ្វើឡើងក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។
លោកស្រី គា សុភូ បានលើកឡើងថា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តត្រូវតែប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នេះ ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិ និងលើកកម្ពស់សក្តានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។
ដើម្បីរួមចំណែកឱ្យបេសកកម្មនេះទទួលបានជោគជ័យ លោកស្រី គា សុភូ ក៏បានអំពាវនាវដល់អភិបាលក្រុង -ស្រុក ទាំងអស់ និងកងកម្លាំងទាំងបីប្រភេទ ត្រូវតែបន្តពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ឱ្យបានហ្មត់ចត់ និងកាន់តែសកម្មថែមទៀត។ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យធ្លាក់ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យបានល្អ ពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របដល់ជនរងគ្រោះឱ្យបានត្រឹមត្រូវ។
លោកស្រីអភិបាលរង ក៏បានធ្វើការណែនាំឱ្យកែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ជូនពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេសឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ សំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឱ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍របស់ពលករ។
រាជរដ្ឋាភិបាល នីតិកាលទី៧នេះបាននិងកំពុងបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អប្រព័ន្ធការងារឱ្យមានភាពស្អាតស្អំ តម្លាភាព និងគណនេយ្យភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ជាងនេះរាជរដ្ឋាភិបាលក៏នៅមានការងារច្រើនទៀត ដែលត្រូវធ្វើ ហើយនឹងបន្តកែលម្អក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ តាមរយៈការកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំជាមួយបណ្តាប្រទេសក្នុងតំបន់ អនុតំបន់ វិស័យឯកជន ជនរងគ្រោះ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ៕
អត្ថបទ៖ ប៊ុត សារុន