ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយ ថា បានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត អប់រំប្រជាពលរដ្ឋ និងបង្ការការចាញ់បោកមេខ្យល់ ឬបណ្តាញជួញដូរមនុស្ស
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា និងលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដល់ភាគីពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងការផ្សព្វផ្សាយព័ត៌មានពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ខណៈបញ្ហានេះ បាននិងកំពុងកើតមានតាមរូបភាពផ្សេងៗ ជាពិសេសតាមប្រព័ន្ធបច្ចេកវិទ្យា និងការងារឆ្លងដែនខុសច្បាប់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ ដែលមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត អប់រំប្រជាពលរដ្ឋ និងបង្ការការចាញ់បោកមេខ្យល់ ឬបណ្តាញជួញដូរមនុស្ស។ លោកបានចាត់ទុកសិក្ខាសាលានាឱកាសនេះមានសារៈសំខាន់បង្កើនការយល់ដឹងអំពីរូបភាពថ្មីនៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ច ហើយជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានពាក់ព័ន្ធក្នុងការបង្ការចូលរួមទប់ស្កាត់ការជួញដូរមនុស្ស និងជួយសង្គ្រោះដល់ជនរងគ្រោះ និងដើម្បីធ្វើយ៉ាងណាលើកកម្ពស់សហគមន៍ក្នុងការរាយការណ៍ ការការពារ ក៏ដូចជាផ្តល់ការគាំទ្រដល់ជនរងគ្រោះផងដែរ។ អ្វីដែលសំខាន់ក្នុងសិក្ខាសាលាគឺជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការបោកប្រាស់ ឬក៏ការជ្រើសរើសការងារក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត។
លោកស្រី ជូ ប៊ុនអេង បានធ្វើបទបង្ហាញស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ព្រមទាំងជម្រាបជូនពីរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦។ តាមរយៈសិក្ខាសាលានេះ ភាគីពាក់ព័ន្ធរំពឹងថា នឹងរួមចំណែកពង្រឹងការយល់ដឹងរបស់សាធារណជន និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយសារអប់រំ និងព័ត៌មានត្រឹមត្រូវ ដើម្បីរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា បញ្ហាជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ គឺជាប្រធានបទដ៏សំខាន់ដែលទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ផ្នែក។ ដូចនេះក្នុងវិស័យព័ត៌មាន មានកាតព្វកិច្ចជាយុទ្ធសាស្ត្រក្នុងការប្រើប្រាស់ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីបញ្ជ្រាបការយល់ដឹង វិធីនៃការចូលរួមបង្ការ ទប់ស្កាត់ និងចេះរាយការណ៍ពីបទល្មើសដែលបានកើតឡើងទៅកាន់សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ ដេីម្បីរួមចំណែកលុបបំបាត់ការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍៕