ព័ត៌មានអន្តរជាតិ

Starbucks កូរ៉េ ធ្លាក់ចុះការលក់យ៉ាងគំហុក ក្រោយផ្ទុះការតវ៉ាខ្លាំងលើការផ្សព្វផ្សាយ Tank Day ដែលប៉ះពាល់ប្រវត្តិសាស្ត្រដ៏ឈឺចាប់

image


 
កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Starbucks នៅក្នុងប្រទេសកូរ៉េខាងត្បូង បានជួបប្រទះនឹងវិបត្តិធ្លាក់ចុះការលក់យ៉ាងគំហុក បន្ទាប់ពីបានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយលក់កែវទឹក (Tumbler) ក្រោមប្រធានបទ Tank Day ដែលបានបង្កឱ្យមានការរិះគន់ និងការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់សាធារណជនកូរ៉េខាងត្បូង ។
 
មូលហេតុដែលធ្វើឱ្យផ្ទុះការតវ៉ាខ្លាំង ក៏ដោយសារតែយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម Tank Day នេះ បានធ្វើឡើងចំថ្ងៃខួបអនុស្សាវរីយ៍នៃការបះបោរទាមទារប្រជាធិបតេយ្យនៅទីក្រុងក្វាងជូ កាលពីឆ្នាំ១៩៨០ ដែលកាលនោះរដ្ឋាភិបាលយោធាផ្តាច់ការ បានប្រើប្រាស់កងទ័ពនិងរថក្រោះបង្ក្រាបយ៉ាងចាស់ដៃ បណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងបាត់ខ្លួន ។
 
ជុំវិញភាពរំជើបរំជួលនេះ លោក ជុង យ៉ុងជីន (Chung Yong-jin) ប្រធានក្រុមហ៊ុនស៊ីនសេហ្គេ គ្រុប (Shinsegae Group) ដែលជាអ្នកគ្រប់គ្រងស្តារបាក់កូរ៉េ (Starbucks Korea) បានចេញមុខធ្វើការសុំទោសជាសាធារណៈ ដោយទទួលខុសត្រូវទាំងស្រុង និងបានអង្វរករដល់ពលរដ្ឋមេត្តាកុំបញ្ចេញកំហឹង ឬធ្វើបាបលើបុគ្គលិករបស់ខ្លួន ។
 
វិបត្តិនេះ បានជះឥទ្ធិពលដល់ទីផ្សារហិរញ្ញវត្ថុផងដែរ ដោយបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមេ Shinsegae ធ្លាក់ចុះរហូតដល់ ២.៨ ភាគរយនៅក្នុងការជួញដូរនាពេលព្រឹក មុនពេលងើបឡើងវិញបន្តិច ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ E-Mart បានកើនឡើង ២.៣ ភាគរយ ។
 
ផ្អែកលើការស៊ើបអង្កេតផ្ទៃក្នុង បង្ហាញថា ព្រឹត្តិការណ៍នេះ បានលាតត្រដាងពីចំណុចខ្វះខាតដ៏ធ្ងន់ធ្ងរ នៅក្នុងប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន ដោយសារតែក្រុមការងារផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក បង្ខំជំរុញការលក់ប្រចាំសប្តាហ៍ខ្លាំងពេក រហូតដល់ថ្នាក់ដឹកនាំអនុម័តដោយគ្មានការពិនិត្យច្បាប់ទម្លាប់ត្រឹមត្រូវ ។
 
ជាវិធានការឆ្លើយតបភ្លាមៗ ក្រុមហ៊ុន Shinsegae បានសម្រេចបណ្តេញប្រធានគ្រប់គ្រងក្រុមហ៊ុន Starbucks Korea ចេញពីតំណែង ខណៈទីស្នាក់ការកណ្តាលរបស់ Starbucks សកលនៅសហរដ្ឋអាមេរិក ក៏បានចេញមុខសុំទោស និងកំពុងតាមដានការស៊ើបអង្កេតលើរឿងនេះយ៉ាងដិតដល់ផងដែរ ។
 
ទោះជាយ៉ាងណាក្ដី ក្រោយការចេញមុខសុំទោសរបស់ប្រធានក្រុមហ៊ុន Shinsegae អ្នកនាំពាក្យគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង បានវាយតម្លៃថា ការសុំទោសនេះមានភាពស្មោះត្រង់ និងបញ្ចប់ទៅបានល្អ ហើយគណបក្សនឹងរក្សាវិធានការការពារ មិនឱ្យមានយុទ្ធនាការផ្សព្វផ្សាយដែលប៉ះពាល់ផ្លូវចិត្តពលរដ្ឋបែបនេះកើតឡើងទៀតឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (Reuters/Yonhap)/ AFP/ (REUTERS/Kim Hong-Ji)/ (Lee Jin-man/AP)/ Yonhap via REUTERS.