សង្គម

បទល្មើសជួញដូរមនុស្ស និងបទល្មើសដដៃទៀត មានភាពប្រទាក់ក្រឡាគ្នាកាន់តែស្មុគស្មាញ និងរីកសាយឆាប់រហ័ស ដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាមធ្យោបាយ

image


ភ្នំពេញ៖​ បច្ចុប្បន្នបទល្មើសជួញដូរមនុស្ស និងបទល្មើសដដៃទៀត មានភាពប្រទាក់ក្រឡាគ្នាកាន់តែស្មុគស្មាញ និងរីកសាយឆាប់រហ័ស អាស្រ័យដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាមធ្យោបាយ។ នេះជាការលេីកឡេីងដោយ​ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

លោកស្រី ជូ ប៊ុនអេង​ បានលេីកឡេីងដូចនេះ​ក្នុងសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដល់ភាគីពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងការផ្សព្វផ្សាយព័ត៌មានពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ខណៈបញ្ហានេះ បាននិងកំពុងកើតមានតាមរូបភាពផ្សេងៗ ជាពិសេសតាមប្រព័ន្ធបច្ចេកវិទ្យា និងការងារឆ្លងដែនខុសច្បាប់។

លោកស្រីរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានលេីកឡេីងដែរថា​ ដើម្បីទប់ស្កាត់បទល្មើសទាំងនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញទិសដៅសំខាន់ៗដូចជា​ បន្តពង្រឹងកិច្ចសហការទូលំទូលាយជាមួយបណ្តាក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីបន្តអនុវត្តវិធានការបង្ការទប់ស្កាត់ ដែលឈានដល់ការផ្លាស់ប្តូរឥរិយាបថសង្គម ប្រឆាំងការជួញដូរមនុស្ស និងបន្តអនុវត្តយុទ្ធសាស្រ្តទាំង៤​ រួមមាន​ បង្ការទប់ស្កាត់ អនុវត្តច្បាប់ ការពារជនរងគ្រោះ និងច្បាប់គោលនយោបាយ។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ​ឆ្នាំ២០២៥ បានឱ្យដឹងថា​ សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញ និងបង្ក្រាបករណីជួញដូរមនុស្ស បានសរុប ២៧២ករណី (ធៀបនឹងឆ្នាំ២០២៤ ចំនួន ១៩៨ករណី កើន ៧៤ករណី) ស្មើនឹង ៣៧, ៣៧% ចែកចេញជា​ ករណីអំពើជួញដូរមនុស្ស និងករណីអំពើធ្វើអាជីវកម្មផ្លូវភេទ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត ចំនួន ៤១០នាក់ (ស្ត្រី៥៣នាក់) ជនបរទេស ៤៣នាក់ (ស្ត្រី១នាក់) រួមមាន​ជនជាតិចិន ៣៣នាក់, វៀតណាម ៥នាក់, ថៃ ៤នាក់ ម៉ាឡេស៉ី ១នាក់។ ទន្ទឹមនេះក៏បានសង្គ្រោះជនរងគ្រោះចំនួន ៩៩៤នាក់ (ស្ត្រី ៦២៤នាក់) មានអាយុក្រោម ១៥ឆ្នាំ ចំនួន១៤នាក់, អាយុ១៨ឆ្នាំឡើង ៦៧៥នាក់ (បញ្ជូនទៅមន្ទីរសង្គមកិច្ច ៣៣១នាក់ អន្តោប្រវេសន៍ ៣០នាក់ និងគ្រួសារ ៦៣៣នាក់។

ពាក់ព័ន្ធនឹងបញ្ហានេះ​ លោក នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នេីដល់ប្រព័ន្ធផ្សព្វផ្សាយ​ អ្នកសារព័ត៌មាន ទាំងវិទ្យុ ទូរទស្សន៍ និងអនឡាញ ចូលរួមញ្រ្ជាប់ចំណេះដឹងអំពីហានិភ័យដែលកើតឡើងពីការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដែលមិនមានសុវត្ថិភាព។ប្រព័ន្ធផ្សព្វផ្សាយទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស។ ដូច្នេះសូមប្រើប្រាស់ដងស្លាបប៉ាកកា និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងដៃ ដើម្បីបញ្ជ្រាបការយល់ដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានពីវិធីសាស្ត្របង្ការ និងទប់ស្កាត់កុំឱ្យក្លាយខ្លួនជាជនរងគ្រោះ ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា អំពើជួញដូរមនុស្ស ឬការធ្វើចំណាកស្រុកដោយខុសច្បាប់ និង Online Scams មិនត្រឹ មតែប៉ះពាល់ដល់ជនរងម្នាក់ៗនោះទេ តែវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរមនុស្ស សុវត្ថិភាពសង្គមស ណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ចគ្រួសារ និងកិត្តិយសជាតិផងដែរ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលេីកឡេីងយ៉ាងដូច្នេះថា៖ «តួនាទីរបស់អ្នកសារព័ត៌មាន ទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើប តាមរយៈដងស្លាបប៉ាកកា តាមសូរស័ព្ទ តាមវិទ្យុក្តី តាមទូរទស្សន៍ក្តី សូមជួយព្រោះសង្គមនេះជារបស់យើងទាំងអស់គ្នា បញ្ហាកើតឡើងមានគ្រឿងញៀន ជួញដូរមនុស្ស ពលកម្មដោយបង្ខំ បញ្ហាទាំងអស់នេះជារឿងរបស់យើងទាំងអស់គ្នា។ អីចឹងខ្ញុំស្នើសុំឱ្យអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តួនាទីរបស់ខ្លួនចូលរួមជាមួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេស្តរប្រវេសន៍ ដើម្បីផ្តល់សុវត្ថិភាពជូនដល់ប្រជាជនយើង»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានពញ្ញាក់ស្មារតីបន្ថែមដល់អ្នកសារព័ត៌មាន សូមប្រើប្រាស់តួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ពោលគឺ​ ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ ជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស ជាពិសេសត្រូវចេះថ្លឹងថ្លែងរឿងផ្សេងៗមុននឹងផ្សព្វផ្សាយ ដើម្បីកុំឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ។ លោករដ្ឋមន្ត្រីលើកចិត្តដល់អ្នកសារព័ត៌មានបំពេញភារកិច្ចឱ្យស្របតាមវិជ្ជាជីវៈ និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន ក៏ប៉ុន្តែ ត្រូវតម្កល់ផលប្រយោជន៍របស់ជាតិជាធំ៕