កូរ៉េខាងត្បូង បើកយុទ្ធនារឹតបន្តឹង និងតាមដានការយកលុយរដ្ឋទៅវិនិយោគបំណុលនៅក្រៅប្រទេស
កូរ៉េខាងត្បូង៖ ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង ហៅកាត់ថា FSS នៅថ្ងៃអង្គារនេះ បានប្រកាសបង្កើនការតាមដាន និងរឹតបន្តឹងយ៉ាងតឹងរ៉ឹង លើការបណ្តាក់ទុនរបស់ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ទៅលើទីផ្សារកម្ចីឯកជននៅក្រៅប្រទេស ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីទំហំវិនិយោគលើឥណទានឯកជនរបស់មូលនិធិសោធននិវត្តន៍រដ្ឋកូរ៉េ បានហក់ឡើងខ្លាំងរហូតដល់ ៥៥.៣ ភាគរយ ដោយកើនពី ១៦.៣ ទ្រីលានវ៉ុន កាលពីឆ្នាំ២០២៣ ដល់ ២៥.៤ ទ្រីលានវ៉ុន (ប្រហែល ១៦.៨៦ ពាន់លានដុល្លារ) នៅឆ្នាំនេះ ។
ក្រៅពីមូលនិធិរដ្ឋ ស្ថាប័នហិរញ្ញវត្ថុឯកជនក្នុងស្រុក រួមមាន ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនធានារ៉ាប់រង ក៏មានទំហំកម្ចីពាក់ព័ន្ធនឹងបំណុលឯកជននេះ ប្រមាណ ៣០.៥ ទ្រីលានវ៉ុនផងដែរ ដែលភាគច្រើន យកទៅវិនិយោគនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ។
ប្រភពដដែល បង្ហាញថា ខណៈដែលធនាគារក្នុងស្រុកមានការទាក់ទិនតិចតួចលើវិស័យបច្ចេកវិទ្យា តែមូលនិធិរដ្ឋឯណោះវិញ បែរជាមានការបណ្តាក់ទុនរហូតដល់ជាង ២១ ភាគរយ។ ការបញ្ជាក់នេះ ធ្វើឡើងចំពេលដែលពិភពលោកកំពុងបារម្ភពីហានិភ័យនៃទីផ្សារកម្ចីឯកជនសកល ដែលមានតម្លៃរហូតដល់ ៣.៥ ទ្រីលានដុល្លារ ។
ការព្រួយបារម្ភកាន់តែខ្លាំង បានបង្ខំឱ្យក្រុមអ្នកវិនិយោគធំៗ សម្រុកដកលុយចេញពីមូលនិធិឯកជន ព្រោះបារម្ភថាបច្ចេកវិទ្យា AI អាចប៉ះពាល់ដល់វិស័យនេះ ព្រមទាំងធ្វើឱ្យធនាគារយក្ស HSBC សម្រេចផ្អាកផែនការវិនិយោគលុយ ៤ ពាន់លានដុល្លាររបស់ខ្លួនថែមទៀតផង ។
ទោះជាយ៉ាងណាក្ដី ស្ថាប័ន FSS បានបញ្ជាក់ដែរថា ហានិភ័យនៃការវិនិយោគរបស់កូរ៉េខាងត្បូងនាពេលនេះ ស្ថិតនៅក្នុង «កម្រិតអាចគ្រប់គ្រងបាន» ដោយសារតែវាមានទំហំតិចជាង ១ ភាគរយ នៃតម្លៃទ្រព្យសកម្មសរុបរបស់ពួកគេ និងមិនមានហានិភ័យលំហូរឥណទានខ្ពស់ពេកឡើយ ។
ហេតុផលមួយទៀតដែលមិនគួរព្រួយឱ្យមានការបារម្ភខ្លាំងនោះ គឺថា មូលនិធិរបស់កូរ៉េទាំងនេះភាគច្រើន ជាប្រភេទមូលនិធិបិទ (Closed-end) ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកវិនិយោគដកលុយមុនកាលកំណត់ឡើយ ប៉ុន្តែទោះជាយ៉ាងណា ស្ថាប័ន FSS នឹងបន្តឃ្លាំមើលនិន្នាការទីផ្សារនេះយ៉ាងដិតដល់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ Reuters/ The Korean Economic Daily