មន្ត្រីរុស្ស៊ី៖ សំឡេងរបស់អាហ្វ្រិក និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវតែមានទម្ងន់ក្នុងការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក
ម៉ូស្គូ, រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គី ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងថា ស្ថាប័នអន្តរជាតិនានាចាំបាច់ត្រូវតែធ្វើការកែទម្រង់ ដើម្បីជួយជំរុញ និងលើកកម្ពស់សំឡេងរបស់បណ្តាប្រទេសនៅតំបន់អាហ្វ្រិក ក៏ដូចជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។ លោកថ្លែងបែបនេះ អំឡុងស្ថិតនៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចអបអរសាទរ «ទិវាអាហ្វ្រិក» នៅក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ ។
លោក ឡាវរ៉ូវ បញ្ជាក់ថា «រុស្ស៊ីតែងតែតស៊ូមតិជាប្រចាំ ដើម្បីឱ្យមានការពិចារណាពេញលេញលើផលប្រយោជន៍របស់អាហ្វ្រិក នៅក្នុងកិច្ចពិភាក្សាដែលកំពុងបន្តធ្វើឡើង ជុំវិញការកែទម្រង់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ។ លើសពីនេះ សំឡេងរបស់អាហ្វ្រិក និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ក៏ត្រូវតែមានទម្ងន់ក្នុងការស្តាប់ នៅក្នុងកំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុពិភពលោកប្រេតតុនវូដស៍ (Bretton Woods) រួមមានធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ ដែលស្ថាប័នទាំងនេះកំពុងតែត្រូវការការផ្លាស់ប្តូរ ដែលគួរតែធ្វើឡើងតាំងពីយូរណាស់មកហើយ» ។
ជាមួយគ្នានេះ លោក ឡាវរ៉ូវ ក៏បានសង្កត់ធ្ងន់ដែរថា បណ្តាប្រទេសអាហ្វ្រិក «សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ដោយលោកបន្ថែមថា ប្រទេសទាំងនោះ «កំពុងដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការដោះស្រាយបញ្ហាបន្ទាន់នានានៅលើរបៀបវារៈអន្តរជាតិ» ។
លោកបានបន្តទៀតថា «សន្ទុះសេដ្ឋកិច្ច និងប្រជាសាស្ត្រ រួមជាមួយនិងការចង់ចូលរួមចំណែកដោះស្រាយបញ្ហាសកលដ៏ក្តៅគគុក បានកំណត់ទីតាំងរបស់អាហ្វ្រិក ក្នុងនាមជាសសរទ្រូងដ៏ចម្បងមួយនៃសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយដែលមានប៉ូលអំណាចច្រើន។ ក្នុងន័យនេះ រុស្ស៊ីមើលឃើញតួនាទីរបស់ខ្លួនក្នុងការជួយដល់មិត្តអាហ្វ្រិក ឱ្យស្វែងរកឃើញនូវសមត្ថភាពថ្មីរបស់ពួកគេ»។
ទន្ទឹមនឹងនេះដែរ លោក ម៉ាហាម៉ាត ប៉ាបា សាលេ (Mahamat Paba Sale) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសិទ្ធិរបស់ប្រទេសកាមេរ៉ូន ប្រចាំនៅរុស្ស៊ី បានកត់សម្គាល់ថា ការរៀបចំប្រារព្ធពិធីទិវាអាហ្វ្រិកនៅក្នុងទីក្រុងម៉ូស្គូ គឺជាសញ្ញានៃការគោរពជាពិសេសចំពោះដែនដីអាហ្វ្រិកទាំងមូល ។
លោកឯកអគ្គរដ្ឋទូត បានធ្វើការពន្យល់ថា «មានប្រទេសមហាអំណាចតិចតួចណាស់ ដែលបានផ្តួចផ្តើមគំនិតបែបនេះ ហើយវាគឺជានិមិត្តរូបនៃមិត្តភាពដែលត្រូវបានវាយតម្លៃខ្ពស់ពីសំណាក់ពួកយើង។ ប្រទេសដូចជារុស្ស៊ី ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការលំបាកទាំងនេះ។ រុស្ស៊ីរក្សាការសន្ទនាជាមួយគ្រប់ភាគីជម្លោះ ហើយចំណុចនេះ គឺសំខាន់ខ្លាំងណាស់។ ខ្ញុំចង់សង្កត់ធ្ងន់ថា ពួកយើងដែលជាជនជាតិអាហ្វ្រិក គឺវាយតម្លៃខ្ពស់បំផុតចំពោះរឿងនេះ។ យើងក៏វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរផងដែរ» ។
គួរបញ្ជាក់ថា ទិវាអាហ្វ្រិក គឺជាកាលបរិច្ឆេទរំឭកខួបប្រចាំឆ្នាំ ដែលបានបង្កើតឡើងដើម្បីដើម្បីអបអរសាទរដល់ការបង្កើតអង្គការឯកភាពអាហ្វ្រិក (Organisation of African Unity) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦៣ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.