សង្គម

បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញជាង ៧០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ

image


ភ្នំពេញ៖ គិតត្រឹមម៉ោ​ង ៥ល្ងាច ​ថ្ងៃទី២៦​ ខែឧស​ភា ឆ្នាំ​២០២​៦​នេះ ​កម្មក​រជាង ៧០​នាក់ បាន​សះស្បើយ និង​វិល​ត្រឡប់​ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និង​ស្រាល​ដែលកំពុងសម្រាកព្យាបាល​មានសភាពល្អ​ប្រ​សើរ​ឡើង​ហើយ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន​ មេសា បានថ្លែងថា សម្រាប់​ករណី​នៅ​ខេត្ត​កំពង់​ឆ្នាំង កម្មករ​ដែលបាន​ត្រឡប់ទៅ​គេហដ្ឋាន​វិញ​ចំនួន ៥៣នាក់ ខណៈ​ដែល​អ្នក​របួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ១១នាក់ បន្ត​សម្រាក​ព្យា​បាលនៅមន្ទីរពេទ្យ។​ ដោយឡែក​ករណី​ខេត្ត​ស្វាយរៀង ​កម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ១៩​នាក់ ខណៈ​ដែលអ្នករងរបួសធ្ងន់ ១នាក់ ក្នុងនោះម្នាក់ត្រូវ​បាន​គ្រួសា​រ​បញ្ជូន​ទៅ​ព្យាបាលនៅ​វៀត​ណាម ហើយ​អ្នករង​របួស​ស្រាល ១៧នាក់​ ប​ន្ត​សម្រាក​ព្យាបាល​នៅម​ន្ទីរ​ពេទ្យ។

បើតាមអ្នកនាំពាក្យ កាលពីថ្ងៃទី២៤ ខែ​ឧស​ភា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹក​នាំ​ក្រ​សួង និងមន្ត្រីជំនាញក្រោមឱវាទ នៅតែបន្ត​សម្រប​ស​ម្រួល តាមដាន និង​សួរសុខទុក្ខ ហើយ​ជួយ​យក​អា​សាក​ម្មក​ររងគ្រោះនៅតាម​មន្ទីរ​ពេទ្យ​នា​នា។
ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យ​នៅតាម​មន្ទីរ​ពេទ្យ​ជាតិ​ក្នុងរាជធានីភ្នំពេញ លោករដ្ឋមន្ត្រី ហេង សួរ បាន​ពាំនាំ​ការផ្តាំផ្ញើរសួរ​សុខទុក្ខរបស់​សម្តេចធិ​បតី​នាយ​ក​រដ្ឋ​មន្ត្រី និងលោកជំទាវជូនទៅកាន់ក្រុមគ្រួសារ និងកម្ម​ករដែលកំពុងសម្រាកព្យាបាលដែលលោកទាំងទ្វេ តែង​តែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករជាប្រចាំ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែល​បានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តា​ល​ឱ្យបងប្អូនកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នា​ក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល៕