លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី យន្ដការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
បាត់ដំបង៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)” ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានា អង្គការសង្គមស៊ីវិល ព្រមទាំងយុវជន ស.ស.យ.ក. ខេត្ត សរុប៣២០នាក់។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា យន្តការ UPR គឺជាយន្តការដ៏សំខាន់មួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់ឱកាសឱ្យប្រទេសសមាជិកទាំងអស់ចែករំលែកនូវឧត្តមានុវត្តន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្ស។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីអាទិភាពនានា ដើម្បីធានាស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ គឺជាបុរេលក្ខខណ្ឌនៃសិទ្ធិមនុស្ស និងស្របតាមអនុសាសន៍ដែលកម្ពុជាបានទទួលយកក្នុងក្របខណ្ឌ UPR។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងពីចំណុចជាអាទិភាព និងឈានមុខគេរបស់កម្ពុជា ក្នុង វិស័យសិទ្ធិមនុស្ស រួមមាន ការផ្តល់សច្ចាប័នលើលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិដ៏ច្រើនលើសលប់ ការអនុញ្ញាតឱ្យមានវត្តមានការិយាល័យ OHCHR អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ការលុបចោលទោសប្រហារជីវិត សុខដុមនីយកម្មសាសនា និងការបើកទូលាយចំពោះសិទ្ធិសេរីភាពរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម។
ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ និងអន្តរជាតិចំនួន ៦០ច្បាប់ ព្រមទាំងការបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីខែមីនា ឆ្នាំ២០២៦ ផងដែរ។ ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្តី ក៏បានបន្ថែមថា ថ្នាក់ដឹកនាំកម្ពុជា ទាំងសម្ដេចតេជោ និងសម្ដេចធិបតី បានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះអាយុជីវិត សុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប តាមរយៈប្រកាន់យកការអត់ធ្មត់ជាអតិបរមា និងជម្រើសនៃការដោះស្រាយបញ្ហាដោយសន្ដិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
ជាងនេះទៀត លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានពេញលេញ ដោយចាត់ទុកថា នេះជាឱកាសក្នុងការរួមចំណែកក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាដើម្បីពង្រឹងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយត្រូវចៀសវាងជឿតាមការឃោសនាអកុសលណាមួយក្នុងចេតនាបន្ទច់បន្អាក់ការពង្រឹងខឿនការពារជាតិរបស់កម្ពុជាពីសំណាក់បច្ចាមិត្ត។ លោកទេសរដ្ឋមន្រ្តីបានស្នើឱ្យបន្ដជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហា ព្រមទាំងត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងកសាងជាតិឱ្យរីកចម្រើនជាលំដាប់៕