សង្គម

ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្ដកំពង់ឆ្នាំង

image


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដី ទី កម្ពុជា បានអញ្ជេីញបន្ដចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដកំពង់ឆ្នាំង ដែលប្រារព្ធឡេីងនៅសាលាខេត្ដកំពង់ឆ្នាំង ។
នេះជាជំនួបទី៩ហើយ បន្ទាប់ពីចាប់ផ្ដេីមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង និងរាជធានីភ្នំពេញ ដែលកម្មវិធីនាឱកាសនេះមានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សា ជុំវិញខេត្ដ សមាជិក សាមាជិកា ប្រមាណជិត១.០០០នាក់។

សូមជម្រាបថា ខេត្តកំពង់ឆ្នាំង មានចម្ងាយ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅភាគកណ្តាល នៃប្រទេសកម្ពុជា មានព្រំប្រទល់ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ-ខេត្តកណ្តាល ខាងលិច ជាប់ខេត្តពោធិ៍សាត់ និងខាងជើងជាប់ខេត្តកំពង់ធំ-បឹងទន្លេសាប។
ខេត្តមានផ្ទៃដីសរុប ៥.៥២១ គីឡូម៉ែត្រការ៉េ មានក្រុង ស្រុកចំនួន៨ ឃុំ សង្កាត់ចំនួន៧១ និងភូមិចំនួន៥៦៩ភូមិ និងមានមន្ត្រីរាជការសរុបក្នុងខេត្តកំពង់ឆ្នាំងមានចំនួន ៦.៧៧៦នាក់ ស្រី ៣.០១០នាក់។

ការចុះជួបសំណេះសំណាលនេះ ជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
តាមរយៈ ការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ ផ្សេងៗ របស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។

គោលបំណងសំខាន់មួយទៀត គឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
តាមការគ្រោងទុក បន្ទាប់ពីជំនួបនៅខេត្ដកំពង់ឆ្នាំងនេះ សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅ ខេត្ដពោធិ៍សាត់ ហេីយនឹងបន្ដនៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម