សម្ដេចតេជោ ហ៊ុន សែន កោតសរសើរអភិបាលខេត្ដកំពង់ឆ្នាំង ជុំវិញវឌ្ឍនភាពនៃការការពារព្រៃលិចទឹក និងការគ្រប់គ្រងបទល្មើសនេសាទ
កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានថ្លែងកោតសរសើរ អភិបាលខេត្ដកំពង់ឆ្នាំង ដែលបានសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធ គ្រប់គ្រងបានល្អនូវបទល្មើសនេសាទ និងវឌ្ឍនភាពល្អប្រសើរនៃការការពារព្រៃលិចទឹក ដែលជាជម្រករបស់មច្ឆាជាតិ និងជាធនធានធម្មជាតិដ៏មានសារៈសំខាន់របស់កម្ពុជា។
មានប្រសាសន៍បែបនេះ នាឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ សង្គាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដកំពង់ឆ្នាំង។
សម្ដេចតេជោ បានថ្លែងបន្ដថា ការការពារព្រៃលិចទឹក គឺជាកិច្ចការចាំបាច់ដែលត្រូវយកកចិត្ដទុកដាក់ ហើយត្រូវបន្ដព្យាយាមខិតខំប្រឹងប្រែងបង្រ្កាបបន្ដទៀត នូវបទល្មើសនេសាទ ដោយមិនត្រូវធ្វេសប្រហែសនោះឡើយ ដើម្បីការពារធនធានធម្មជាតិរបស់កម្ពុជាឲ្យបានគង់វង្ស។
យោងតាមរបាយការណ៍របស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ដកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រមូលផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២៥ សម្រេចបានលើផ្ទៃដី ១៤៥ ២៦៦ហិកតា។ ការដាំដុះស្រូវរដូវប្រាំងសម្រេចបាន ៣៩ ៩៦៧ហិកតា ស្មើនឹង ៨១,២៣% លើផែនការ ៤៩ ២០០ហិកតា។ ស្របជាមួយគ្នានេះ តុល្យភាពស្បៀងឆ្នាំ ២០២៦ ក្រោយពីការទុកសម្រាប់ហូបចុក ទុកពូជ ចំណីសត្វ ប្រជាកសិករនៅសស់ស្រូវ ៧២៣ ៨២៦ តោន គិតជាអង្ករ ៤៦៣ ២៤៩តោន ដែលបានលក់ ទៅទីផ្សារ។
ការនេសាទត្រីជាលក្ខណៈគ្រួសារអនុវត្ត បាន ៥០ ៩០០តោន ការកែច្នៃផលនេសាទអនុវត្តបាន ១៩ ៧៤២តោន វារីវប្បកម្មអនុវត្តបាន ១០ ៣៤៣ តោន។ មានកសិដ្ឋានសត្វចំនួន ៥៧កន្លែង និងសហគមន៍ ព្រៃឈើមានចំនួន ២៩កន្លែង៕
អត្ថបទ ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុខឃីម