សង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធរោងចក្រផលិត និងកែច្នៃកៅស៊ូលំដាប់អន្តរជាតិ នៅខេត្តត្បូងឃ្ម៉ំ

image


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក នៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៦នេះ ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា វត្តមានរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីគឺជាសក្ខីភាពយ៉ាងច្បាស់ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជាវិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការជំរុញសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តថា "ខេត្តត្បូងឃ្មុំគួបផ្សំនឹងកត្តាភូមិសាស្ត្រមានអំណោយផល បានបង្កលក្ខណៈដល់វិស័យកសិកម្មជាង៣០% វិស័យឧស្សាហកម្មជាង ៣៣% និងសេវាកម្មជិត៣៧% ដែលបានជំរុញកំណើនទំហំសេដ្ឋកិច្ចខេត្ត ដោយទំហំនាំចេញ នាំចូល ប្រមាណជាង១ពាន់៥រយ៥១លានដុល្លា ក្នុងឆ្នាំ២០២៥ និងទំហំនាំចេញ នាំចូលប្រមាណជាង ១៥៣លានដុលារក្នុងឆ្នាំ២០២៦ (៤ខែដើមឆ្នាំ) និងផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ (GDP Per Capital) មានប្រមាណ ១ពាន់៨រយ៣១ដុល្លារ"។

សូមជម្រាបថា ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើ របានបង្កើតឡើង និងចុះបញ្ជីស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត។ ក្រុមហ៊ុនបានដាក់ទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក លើផ្ទៃដីជិត ១៥ហិកតា ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន ១០ម៉ឺនតោនក្នុងមួយឆ្នាំ និងផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ និងដោយប្រយោល (អ្នកចៀរជ័រ) ជាង ៥០ ០០០នាក់។ បើតាមគម្រោងអនាគតក្រុមហ៊យុនត្រៀមវិនិយោគរោងចក្រទី២ នៅខេត្តរតនគិរី ក្នុងទំហំទុន ៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន ១០ ម៉ឺនតោន ក្នុងមួយឆ្នាំ ដូចនឹងគម្រោងទី១ដែរ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ