ជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា សម្តេចធិបតីបានណែនាំក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និង ក្រសួងពាណិជ្ជកម្ម ត្រូវសហការគ្នាជិតស្និទ្ធបន្តធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្មកៅស៊ូ
ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ប្រកបដោយភាព- ប្រកួតប្រជែងខ្ពស់ តាមរយៈ ការពង្រឹងប្រសិទ្ធភាព, ភាពធន់, ពិពិធភាព និង នវានុវត្តន៍ សម្តេចបវរធិបតី បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, និង ក្រសួងពាណិជ្ជកម្ម ត្រូវសហការគ្នាជិតស្និទ្ធ បន្តធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្ម កៅស៊ូ ដោយផ្តោតលើ ការផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូ, ការអភិវឌ្ឍសហគមន៍កសិកម្មកៅស៊ូគ្រួសារ, ការធ្វើពិពិធកម្មផលិតផលកៅស៊ូ, និង ការពង្រឹងតម្លៃផលិតផលកៅស៊ូ ដើម្បីបង្កើនផលិតភាព កៅស៊ូធម្មជាតិសម្រាប់ ការផ្គត់ផ្គង់សកម្មភាពផលិត និង កែច្នៃក្នុងស្រុក, ក៏ដូចជា ការបម្រើឱ្យការ- នាំចេញ ជាពិសេស ការជ្រៀតចូលទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា តាមរយៈ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និង ក្របខ័ណ្ឌអនុគ្រោះពាណិជ្ជកម្ម ដែលមានស្រាប់ ។
នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក នៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៦នេះ ។
សម្តេចបវរធិបតី ក៏បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ បន្តជំរុញការងារពិសោធ និង ការងារស្រាវជ្រាវកៅស៊ូ តាមរយៈ ការពង្រឹងមន្ទីរពិសោធ ជាតិ និង មន្ទីរពិសោធមូលដ្ឋាន, ព្រមទាំង ការកែលម្អហេដ្ឋរចនាសម្ព័ន្ធរូបវន្ត, ការបណ្តុះបណ្តាល ធនធានមនុស្ស និង ការផ្ទេរបច្ចេកវិទ្យា, ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ អន្តរជាតិ ដើម្បីពង្រឹងគុណភាពកៅស៊ូឱ្យស្របតាមស្តង់ដាបច្ចេកទេសកម្រិតអន្តរជាតិ, និង ជំរុញ អនុលោមភាពតាមវិធានដើមកំណើតទំនិញ ដែលជាបុរេលក្ខខណ្ឌនៃទីផ្សារនាំចេញ, សំដៅរក្សា ទីផ្សារចាស់ និង បង្កើតទីផ្សារថ្មី ក្នុងបរិការណ៍នៃការកើនឡើងកាន់តែខ្លាំងនូវការប្រកួតប្រជែង ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ