កម្លាំងសមត្ថកិច្ចចុះឡោមព័ទ្ធទីតាំងល្បែងខុសច្បាប់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ខ្លួនជនសង្ស័យជាង ១៦០នាក់
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឡោមព័ទ្ធទីតាំងល្បែងខុសច្បាប់ ដោយចាប់ខ្លួនមនុសុ្ស ១៦៨នាក់ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅច្រកចូលវិថីមាស ដែលជ្រកកក្រោមស្លាកយីហោ ស្នូកឃ័រប៉រយ៉ា នៅទល់មុខអគារ The bridge ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការណ៍នេះ ធ្វើឡើងរយ:ពេលជាង៧ម៉ោង ដោយសមត្ថកិច្ចបានធ្វើការបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន ១៦៨នាក់ (ស្រី៩៣នាក់) មានជនជាតិចិន ខ្មែរ វៀមណាម និងបង់ក្លាដេស ដែលជាប់ពាក់ព័ន្ធការលេងល្បែងស៊ីសងខុសច្បាប់ នៅក្នុងទីតាំងខាងលើ។
ក្រោយបញ្ចប់ប្រតិបត្តិការណ៍នេះ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនមនុស្សទាំង ១៦៨នាក់ ឡើងរថយន្តធុនធំដឹកនាក់ដំណើរចំនួន២គ្រឿង និងរថយន្តតូច រួមទាំងវត្ថុតាងជាប់ពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ រដ្ឋ រង្សី