រង្គោះរង្គើវង្សត្រកូលស្រាបៀរ សិង្ហ របស់ថៃ ក្រោយអ្នកស្នងមរតក ចេញមុខហែកហួរបងប្រុសបង្កើត រឿងបៀតបៀនផ្លូវភេទ
ថៃឡង់ដ៍៖ តាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post និងបណ្ដាញព័ត៌មានផ្សេងៗទៀត កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អាណាចក្រអាជីវកម្ម និងវង្សត្រកូលមហាសេដ្ឋីម្ចាស់ស្រាបៀរ សិង្ហ (Singha) ដ៏មានឥទ្ធិពលរបស់ប្រទេសថៃ កំពុងរងនូវភាពរង្គោះរង្គើ និងធ្លាក់ចូលដល់ចំណុចក្តៅ ក្រោយពីអ្នកស្នងមរតកជំនាន់ទី៤ លោក ស៊ីរ៉ានុត ស្កុត (Siranudh Scott) ហៅ ភីស៊ី (Psi) បានចេញមុខចោទប្រកាន់បងប្រុសបង្កើតរបស់ខ្លួន គឺលោក ស៊ូនីត (Sunit) ពីបទបៀតបៀនផ្លូវភេទ កាលពីពេលដែលលោក ស៊ីរ៉ានុត ស្ថិតនៅក្នុងវ័យជំទង់ ។
រឿងអាស្រូវក្នុងគ្រួសារអភិជននេះ បានផ្ទុះឡើងយ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការទម្លាយវីដេអូបង្ហូរទឹកភ្នែកពីសំណាក់លោក ស៊ីរ៉ានុត រហូតដល់ថ្នាក់លោកបានសម្រេចចិត្តបដិសេធមិនទទួលយកឈ្មោះជាអ្នកស្នងមរតកស្រាបៀរ សិង្ហ តទៅទៀតឡើយ ព្រោះតែមានការឈឺចាប់ដែលគ្រួសារមិនផ្តល់តម្លៃឱ្យ ។
ទោះបីជាលោក ស៊ូនីត បានចេញមុខបដិសេធដាច់ខាតចំពោះការចោទប្រកាន់រឿងបៀតបៀនផ្លូវភេទ ដោយទទួលស្គាល់ត្រឹមតែរឿងធ្លាប់ធ្វើបាបប្អូនប្រុសក៏ដោយ ប៉ុន្តែក្រុមហ៊ុនមេ ប៊ុនរ៉ត ព្រូវើរី (Boon Rawd Brewery) ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិ លោក ភូរីត ភិរម្យភក្តី (Bhurit Bhirombhakdi) បានសម្រេចចិត្តដកតំណែងលោក ស៊ូនីត ចេញពីគ្រប់តួនាទីទាំងអស់ក្នុងក្រុមហ៊ុនភ្លាមៗ និងត្រៀមខ្លួនសហការជាមួយសមត្ថកិច្ច ។
ព្រឹត្តិការណ៍ដ៏កម្រនេះ បានបង្ខំឱ្យស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ចេញមុខព្រមានដល់បណ្តាញសារព័ត៌មានទាំងអស់ ឱ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្សាយ ដោយត្រូវស្ថិតនៅក្នុងព្រំដែនច្បាប់ និងសីលធម៌ ព្រោះបារម្ភថាការផ្សាយជ្រុសហួសហេតុពេក អាចប៉ះពាល់ដល់ផ្លូវចិត្តជនរងគ្រោះ និងដើម្បីជៀសវាងច្បាប់បរិហារកេរ្តិ៍ដ៏តឹងរ៉ឹងរបស់ថៃ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ប៊ុនរ៉ត ព្រូវើរី (Boon Rawd Brewery) គឺជាក្រុមហ៊ុនយក្សផ្នែកគ្រឿងស្រវឹងដ៏ចំណាស់ជាងគេ ដែលកំពុងក្តោបក្តាប់ទីផ្សារស្រាបៀរប្រមាណពីរភាគបីនៅក្នុងប្រទេសថៃ រួមមាន ម៉ាក សិង្ហ (Singha) និងលីអូ (Leo) ដែលមានតម្លៃទឹកប្រាក់រហូតដល់ ៦ ពាន់លានដុល្លារ ហើយបច្ចុប្បន្នក៏បានពង្រីកខ្លួនទៅរកវិស័យអចលនទ្រព្យ និងថាមពលផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ South China Morning Post