ព័ត៌មានអន្តរជាតិ

មនុស្ស ៣នាក់ស្លាប់ក្នុងហេតុការណ៍បាក់កំណាត់ស្ពានអាកាសចាស់ទ្រុឌទ្រោមនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

image


 
សេអ៊ូល, កូរ៉េខាងត្បូង៖ ហេតុការណ៍បាក់រលំកំណាត់ស្ពានអាកាសចាស់មួយកន្លែង ដែលកំពុងស្ថិតក្នុងដំណើរការរុះរើ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ បានបណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង ៣នាក់ទៀតរងរបួស ចំពេលដែលក្រុមសមត្ថកិច្ច និងរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង សម្រុកចុះទៅហ៊ុមព័ទ្ធកន្លែងកើតហេតុ ។
 
ជុំវិញសោកនាដកម្មដ៏រន្ធត់នេះ ប្រជាពលរដ្ឋរស់នៅក្បែរនោះបានសម្តែងការសោកស្តាយ និងនិយាយថា ពួកគេតែងតែមានអារម្មណ៍ភ័យខ្លាចជាយូរមកហើយ ដោយសារតែអាជ្ញាធរមានភាពយឺតយ៉ាវក្នុងកិច្ចការងារវាយកម្ទេចស្ពានចាស់ទ្រុឌទ្រោមមួយនេះ ទើបចុងក្រោយបង្កឱ្យកើតមានគ្រោះថ្នាក់ដ៏រន្ធត់នេះតែម្ដង ។
 
ផ្អែកតាមទិន្នន័យបឋម ការបាក់ស្រុតនេះ បានកើតឡើងចំពេលដែលក្រុមមន្ត្រីជំនាញ កំពុងចុះវាយតម្លៃប្រព័ន្ធសុវត្ថិភាពជាបន្ទាន់ ក្រោយពេលដែលក្រុមកម្មករការដ្ឋាន បានរកឃើញសញ្ញាប្រកាសអាសន្ន ពីអស្ថិរភាពនៃរចនាសម្ព័ន្ធស្ពាន តាំងពីមួយយប់មុនថ្ងៃកើតហេតុ ដែលបង្ខំឱ្យសកម្មភាពរុះរើនេះ ត្រូវផ្អាកដំណើរការភ្លាមៗជាបណ្តោះអាសន្ន ។
 
អាជ្ញាធរក្រុងសេអ៊ូល បានធ្វើការគូសបញ្ជាក់ថា ស្ពានអាកាសដែលជួបគ្រោះថ្នាក់នេះ ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៦ មកម្លេះ ហើយមូលហេតុដែលនាំឱ្យគេសម្រេចចិត្តវាយកម្ទេចវាចោលនាពេលនេះ គឺដោយសារតែស្ពានទាំងមូលមានបញ្ហាកំហុសឆ្គងផ្នែករចនាសម្ព័ន្ធ និងលែងមានសុវត្ថិភាពក្នុងការប្រើប្រាស់តទៅទៀតហើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.