សង្គម

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ជម្លោះត្រូវតែដោះស្រាយដាច់ខាត តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ

image


អង្គការសហប្រជាជាតិ៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញថ្លែងសុន្ទរកថាជាតិ នៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យ ដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈម ជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសណ្តាប់ធ្នាប់អន្តរជាតិ។
អំឡុងពេលថ្លែងសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានថ្លែងថា ដោយដកស្រង់ចេញពីបទពិសោធប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា លោកបានគូសបញ្ជាក់ថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះសហគមន៍អន្តរជាតិ ដែលបានគាំទ្រឱ្យមានបទឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនកម្ពុជា-ថៃ៕

អត្ថបទ៖ សន ពិសិដ្ឋ