រដ្ឋមន្ដ្រីមហាផ្ទៃ ប្រាប់ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ថាមានជនបរទេសប្រមាណ ៣០ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្តពីកម្ពុជា ពាក់ព័ន្ធបទល្មើស Online Scams
ភ្នំពេញ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំកម្ពុជា បានកោតសរសើរ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងដោយឡែក ចំពោះក្រសួងមហាផ្ទៃ ដែលបានកំពុងអនុវត្តការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។
លោកឯកអគ្គរដ្ឋទូតស្វីស បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ស សុខា ថាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពិតជាមានភាពស្មុគស្មាញ និងមានភាពប្រទាក់ក្រឡា។ លោកទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពិតជាបានកំពុងជម្នះការលំបាក ពីព្រោះលោកផ្ទាល់ ក៏ពិបាកស្រមៃដែរថានឹងត្រូវធ្វើកិច្ចការអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត ថាមកដល់ពេលនេះមានជនបរទេសប្រមាណ ៣០ម៉ឺននាក់ ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត ខណៈមេខ្លោងមួយចំនួន ត្រូវចាប់ខ្លួនបញ្ជូនចេញ និងមួយចំនួនទៀតកំពុងអនុវត្តទោស។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា សមត្ថកិច្ចបានម្ចាស់ការបោសសម្អាតបទល្មើសនេះជាលក្ខណៈទ្រង់ទ្រាយធំច្រើនកន្លែងហើយ ប៉ុន្តែជនល្មើសនៅសេសសល់មួយចំនួនបានសម្ងំធ្វើសកម្មភាពជាទ្រង់ទ្រាយតូច នឹងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់តាមអនុក្រឹត្យលេខ០៣ និងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់វិធានការ វះកាត់មន្ត្រីពាក់ព័ន្ធជាអាទិ៍ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដក និងផ្លាស់ប្ដូរមុខតំណែង ផងដែរ។
ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរដ្ឋទូតស្វីស ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការលើការអនុវត្តកំណែទម្រង់ពីវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយភាគីទាំងពីរបានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការមួយនេះបន្ថែមទៀត។
ដោយឡែក ប្រធានបទពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានរំលឹកពីគោលជំហរកម្ពុជាដោះស្រាយជម្លោះព្រំដែនតាមគោលការណ៍សន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀង អនុសញ្ញា និងច្បាប់អន្តរជាតិ និងកម្ពុជាគ្មានគោលនយោបាយវាទីនិយមឡើយ។ លោកបានស្នើភាគីស្វីសបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ជាពិសេសគាំទ្រយន្តការដោះស្រាយជម្លោះដោយសន្តិវិធី។
លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះប្រកបដោយសន្តិវិធី និងបានបង្ហាញការសោកស្ដាយដែលប្រទេសទាំងពីរ កម្ពុជា-ថៃ មានជម្លោះព្រំដែនរហូតឈានដល់ការប្រើប្រាស់អាវុធ។ លោកអះអាងថា ភាគីស្វីស និងបន្តតាមដានកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ដល់ការប្រើប្រាស់យន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងអំពីបទពិសោធន៍រស់នៅ និងបំពេញការងារក្នុងអាណត្តិការទូតនៅកម្ពុជា ជាពិសេសលោកបាននាំក្រុមគ្រួសារ ដើរលេងកម្សាន្តក្នុងប្រទេសកម្ពុជាដោយក្ដីរីករាយ រួមទាំងនៅខេត្តសៀមរាប និងមានក្ដីសង្ឃឹមថា ថ្ងៃណាមួយ លោកនឹងបាននាំក្រុមគ្រួសារមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាតនេះជាថ្មីទៀត ក្រោយបញ្ចប់អាណត្តិការទូតនៅខែសីហាខាងមុខ៕