ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានកម្ទេចអូម៉ង់ចោលទាំងស្រុង បើហ៊ានលូកដៃចូលគ្រប់គ្រងច្រកសមុទ្រហ័រមូស
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានប្រកាសយ៉ាងតឹងរ៉ឹងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា គ្មានប្រទេសណាមួយអាចមកក្ដោបក្ដាប់គ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស (Hormuz) បានឡើយ ព្រោះវាជាដែនទឹកអន្តរជាតិដែលត្រូវបើកចំហសម្រាប់គ្រប់ភាគីទាំងអស់ ។
ជាមួយគ្នានេះ មេដឹកនាំអាម៉េរិក បានបោះសម្តីគំរាមកំហែងយ៉ាងធ្ងន់ធ្ងរថា ប្រទេសអូម៉ង់ត្រូវតែធ្វើខ្លួនឱ្យបានត្រឹមត្រូវដូចបណ្តាប្រទេសដទៃទៀត បើមិនដូច្នោះទេ អាម៉េរិកនឹងបើកការវាយប្រហារកម្ទេចប្រទេសនេះចោលភ្លាមៗ ប្រសិនបើហ៊ានចូលដៃជាមួយអ៊ីរ៉ង់ដើម្បីគ្រប់គ្រងច្រកសមុទ្រនេះ ។
ការឆ្លើយតបដ៏ចាស់ដៃរបស់លោក ត្រាំ បានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ និងអូម៉ង់បានជជែកគ្នាពីគម្រោងធានាសុវត្ថិភាពនាវាឆ្លងកាត់ និងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានបញ្ចេញព័ត៌មានអំពីសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងដកទ័ពអាម៉េរិក ដែលត្រូវសេតវិមានចេញមុខទាត់ចោលទាំងស្រុង ។
ក្រៅពីការព្រមានលើសមរភូមិសមុទ្រ លោក ត្រាំ ក៏បានដាក់គំនាបយ៉ាងខ្លាំងឱ្យអារ៉ាប៊ីសាអូឌីត និងកាតា បូករួមទាំងប្រទេសអារ៉ាប់ផ្សេងទៀត ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអ៊ែល ខណៈអ៊ីរ៉ង់ទទូចថាខ្លួនចង់ចរចា ដើម្បីបញ្ចប់សង្គ្រាមតែប៉ុណ្ណោះ មិននិយាយពីរឿងនុយក្លែអ៊ែឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (REUTERS/Stringer/File Photo)/ REUTERS/Evan Vucci