លោក ត្រាំ ព្រមានកម្ទេចអ៊ីរ៉ង់ចោល ប្រសិនបើមិនព្រមធ្វើតាមការទាមទាររបស់អាមេរិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានអះអាងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ភាគីអ៊ីរ៉ង់កំពុងចាប់ផ្តើមចុះញ៉ម និងប្រគល់លក្ខខណ្ឌមួយចំនួនមកឱ្យអាម៉េរិក ដោយសារតែពួកគេចង់បានកិច្ចព្រមព្រៀងសន្តិភាពខ្លាំងណាស់ ប៉ុន្តែអាម៉េរិកនៅមិនទាន់ពេញចិត្តនឹងលទ្ធផលបច្ចុប្បន្ននៅឡើយ ។
មេដឹកនាំអាម៉េរិករូបនេះ ក៏បានបោះសម្តីព្រមានធ្ងន់ៗជាថ្មីថា ប្រសិនបើអ៊ីរ៉ង់មិនព្រមធ្វើតាមការទាមទាររបស់អាម៉េរិកទេនោះ លោកនឹងបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់លោក លោក ភីត ហិកសេត បើកការវាយប្រហារកម្ទេច ឬបង្ហើយការងារសឹកជាមួយអ៊ីរ៉ង់ភ្លាមៗ ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីសេតវិមាន បានចេញមុខបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដែលបានទម្លាយព័ត៌មានប្រឌិតអំពីព្រាងកិច្ចព្រមព្រៀងដកទ័ពអាម៉េរិក និងការបើកច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស (Hormuz) ឡើងវិញ ។
ទន្ទឹមនឹងនេះ លោក ត្រាំ បានដាក់គំនាបឱ្យអារ៉ាប៊ីសាអូឌីត និងកាតា ព្រមទាំងប្រទេសអារ៉ាប់ដទៃទៀត ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអ៊ែល ខណៈភាគីអ៊ីរ៉ង់ បាននិយាយការពារខ្លួនថា ការចរចាជាមួយអាម៉េរិក ធ្វើឡើងដើម្បីបញ្ចប់សង្គ្រាម មិនមែនជជែកពីរឿងអាវុធនុយក្លេអ៊ែរឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (REUTERS/Evan Vucci)/ edition.cnn on Microsoft Bing