សង្គម

បច្ចុប្បន្នភាព! ជនរងគ្រោះ ៨៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង បានជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ ខណៈនៅសល់ ២៥នាក់ទៀត កំពុងត្រូវបានយកចិត្តទុកដាក់

image


ភ្នំពេញ៖ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ កម្មករ ៨៥នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលនៅសល់ ២៥នាក់ទៀត កំពុងសម្រាកព្យាបាល មានសភាពល្អប្រសើរឡើង។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានថ្លែងថា សម្រាប់ករណីនៅខេត្តកំពង់ឆ្នាំង កម្មករដែលបានត្រឡប់ទៅគេហដ្ឋានវិញចំនួន ៥៧នាក់ ខណៈដែលអ្នករបួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ៧នាក់ បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកករណីខេត្តស្វាយរៀង កម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ២៨នាក់ ខណៈដែលអ្នករងរបួសធ្ងន់ ១នាក់ដែលត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយអ្នករងរបួសស្រាល ៨នាក់ បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកថា៖ “ក្រសួងមានការសប្បាយចិត្តដោយការធូស្រាល និងសះស្បើយរបស់បងប្អូនកម្មករដែលធ្វើឱ្យបងប្អូនកម្មករអាចត្រឡប់ទៅគេហដ្ឋានជាបន្តបន្ទាប់ ខណៈដែលបងប្អូនកម្មករទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញក្រសួង ក៏ដូចជា ប.ស.ស.”។
សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

តាំងពីមានគ្រោះថ្នាក់ចរារចណ៍ភ្លាម លោករដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះចាត់ចែងសម្របសម្រួលពិធីបុណ្យសព និងផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតភ្លាមៗប្រកបដោយការយកចិត្តទុកដាក់៕