សង្គម

មន្ទីរសាធារណការខេត្តព្រះវិហារ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ ២៥០គ្រឿង ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ ពេលយប់

image


ព្រះវិហារ៖ ដោយមានការណែនាំពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរស្រុករវៀង និងនគរបាលចរាចរណ៍ស្រុករវៀង បានចុះផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋដែលជាអ្នកបើកបរគោយន្តកន្ត្រៃ ចំនួន ២៥០នាក់។

ក្នុងការផ្សព្វផ្សាយនេះ ក្រុមការងារ ក៏បានបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ ចំនួន ២៥០គ្រឿង ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ ជាពិសេសនៅពេលយប់ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ ក្រុមការងារបានប្រគល់ឯកសារផ្សព្វផ្សាយពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ និងសុវត្ថិភាពផ្លូវគោក ជូនដល់នគរបាលចរាចរណ៍ស្រុករវៀង រួមមាន សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវ, សៀវភៅណែនាំសម្រាប់អ្នកបើកបរទោចក្រយានយន្ត, ខិត្តប័ណ្ណអប់រំ, ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខាន់ៗ, ផ្ទាំងណែនាំអំពីការផ្ទុកទំនិញ ការចតយានយន្ត និងសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ព្រមទាំងស្ទីកឃ័រអប់រំសុវត្ថិភាពចរាចរណ៍ និងស្ទីកឃ័រចំណាំងផ្លាតជាច្រើនផងដែរ។

សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជំរុញឱ្យមានការចូលរួមគោរពច្បាប់ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ៕