មនុស្ស១៣នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តឈ្នួលដឹកលើសចំណុះ បើកបុកឡានដឹកទំនិញធុនធ្ងន់ពីក្រោយយ៉ាងពេញទំហឹង
ចិន៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើផ្លូវល្បឿនលឿនខ្សែ G40 (Shanghai–Xi'an Expressway) ក្នុងខេត្តហឺណាន ភាគកណ្តាលប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ១៣ នាក់ និងរងរបួស ៣ នាក់ ក្រោយឡានឈ្នួលមួយគ្រឿងបើកបុកឡានដឹកទំនិញធុនធ្ងន់ពីក្រោយយ៉ាងពេញទំហឹង។
អាជ្ញាធរចិន ឱ្យដឹងថា មូលហេតុចម្បងដែលនាំឱ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ គឺដោយសារតែរថយន្តឈ្នួលបង្កហេតុ បានលួចផ្ទុកអ្នកដំណើរលើសចំណុះរហូតដល់ ១៦ នាក់ ខណៈដែលឡាននេះមានច្បាប់អនុញ្ញាតឱ្យដឹកមនុស្សបានត្រឹមតែ ៩ នាក់ប៉ុណ្ណោះ។
ភ្លាមៗបន្ទាប់ពីកើតហេតុការណ៍កាលពីវេលាម៉ោងជិត ៣ ទៀបភ្លឺ ក្រសួងសន្តិសុខសាធារណៈចិន បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបញ្ជូនក្រុមការងារជំនាញចុះទៅផ្ទាល់ ដើម្បីបញ្ជា និងបើកការស៊ើបអង្កេតជុំវិញករណីនេះ។
គួររំឭកថា ករណីគ្រោះថ្នាក់ធំៗកាលពីឆ្នាំមុននៅក្នុងប្រទេសចិន ក៏ធ្លាប់មានការបើកឡានបុកមនុស្សម្នានៅឆុងឈីង និងករណីរថភ្លើងបុកកម្មករផ្លូវដែកស្លាប់ ១១ នាក់នៅគុនមីង ដែលជាគ្រោះថ្នាក់ផ្លូវដែកដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ១០ ឆ្នាំ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព៖ REUTERS/Maxim Shemetov/File Photo