រថយន្តធំៗចំនួន ៥គ្រឿង ដឹកលើសទម្ងន់កំណត់ ត្រូវបានក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ សហការជាមួយមន្ទីរខេត្ត ឃាត់ និងពិន័យ នៅស្រុកឆ្លួង ខេត្តក្រចេះ
ក្រចេះ៖ ក្រុមការងារជញ្ជីងចល័តចម្រុះ ដឹកនាំដោយលោក សេង ឈួន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានធ្វើការឃាត់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ៥គ្រឿង នៅចំណុចភ្នំព្រះ ក្នុងភូមិសាស្រ្តភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងការចុះបង្ក្រាបខាងលើនេះ ក្រុមការងារ បានថ្លឹងរថយន្តចំនួន ៥គ្រឿង ក្នុងនោះ លើសចំនួន ៤គ្រឿង ពិន័យតាមកម្រិតកំណត់។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តធំៗទាំងនេះ បានដឹកជន្លង់ម្រេច ទិសដៅពី ស្ទឹងត្រែង មកចំណុចកែងសណ្ដាន់ ក៏បានបើកគេចពីស្ថានីយជញ្ជីញថ្លឹងរថយន្តអចល័តកាំពី តាមផ្លូវមាត់ទន្លេស្រុកសំបូរ ក្រុងក្រចេះ។ ភ្លាមៗក្រុមការងារជញ្ជីងចល័តរបស់ក្រសួង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តាមឃាត់រថយន្តទាំងនោះភ្លាមៗតែម្ដង។
ក្រៅពីរថយន្ត ៤គ្រឿងដែលក្រុមការងារជញ្ជីងចល័តចម្រុះរបស់ក្រសួងបានរកឃើញថា បានដឹកលើសទម្ងន់ ក៏មានរថយន្តមួយគ្រឿងទៀតដែលព្យាយាមបើកគេច តែក៏ត្រូវបានក្រុមការងារត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណ:បច្ចេកទេស ខេត្តក្រចេះ ឃាត់បានយកមកវិញ ។
រថយន្តមួយគ្រឿងទៀត ដែលព្យាយាមបើករត់គេចនោះ ត្រូវបានលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ បានបន្តនីតិវិធីរាយការណ៍ជូនក្រុមការងារជញ្ជីងចល័ត ដើម្បីមកថ្លឹង និងត្រួតពិនិត្យ បើរកឃើញថា លើស និងពិន័យទៅតាមនីតិវិធី ៕
អត្ថបទ៖ សារី ណែត