អាជ្ញាធរស្រុកលំផាត់ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹម ខណៈរដូវភ្លៀងចាប់ផ្តើម
រតនគិរី៖ លោក កិ សុខគា អភិបាលស្រុកលំផាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វចិញ្ចឹមគ្រប់ប្រភេទ ជាពិសេសសត្វគោ និងក្របី ក្នុងអំឡុងពេលមេឃងងឹត និងមានភ្លៀងធ្លាក់ ដែលអាចបង្កឱ្យមានខ្យល់កន្ត្រាក់ និងរន្ទះបាញ់។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោកអភិបាលស្រុក ទទួលបានព័ត៌មានពីរដ្ឋបាលឃុំជ័យឧត្តម ស្តីពីហេតុការណ៍រន្ទះបាញ់បណ្តាលឱ្យគោងាប់ចំនួន ១៩ក្បាល នៅភូមិចំនួន២ ក្នុងឃុំជ័យឧត្តម កាលពីវេលាម៉ោង ១៖២០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋដែលចិញ្ចឹមគោ និងក្របី ឱ្យកៀងសត្វចូលទ្រុងដែលមានដំបូល នៅពេលឃើញមេឃរកល់ ឬមានសញ្ញាភ្លៀងធ្លាក់ ហើយត្រូវជៀសវាងការឱ្យសត្វជ្រកក្រោមដើមឈើ ដើម្បីកាត់បន្ថយហានិភ័យពីរន្ទះបាញ់៕
អត្ថបទ៖ ប៉េស សារី