ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងកូរ៉េខាងជើង បង្ហាញពីចំណងមិត្តភាពសន្តិសុខដែលមិនអាចបំបែកបាន

image


រុស្ស៊ី៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ស៊ែរហ្គី សយហ្គូ បានបើកកិច្ចពិភាក្សាទ្វេភាគីកម្រិតខ្ពស់ជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខរដ្ឋកូរ៉េខាងជើង លោក រី ឆាងដែ (Ri Chang-dae) នៅក្នុងទីក្រុងមូស្គូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នសន្តិសុខសម្ងាត់នៃប្រទេសទាំងពីរ ។
នៅក្នុងជំនួបនោះ ភាគីរុស្ស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក គីម ជុងអ៊ុន ព្រមទាំងរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង ដែលបានបញ្ជូនកងទ័ពមកជួយគាំទ្រយ៉ាងសកម្ម ក្នុងប្រតិបត្តិការរំដោះតំបន់ឃឺស (Kursk) ព្រមទាំងជួយបោសសម្អាតមីន និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ។

លោក សយហ្គូ ក៏បានរំឭកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបើកសម្ពោធវិមានអនុស្សាវរីយ៍ និងសារមន្ទីរវីរបុរសយោធានៅក្នុងទីក្រុងព្យុងយ៉ាង កាលពីខែមុន ដោយលោកចាត់ទុកថា កិច្ចសហការរវាងក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងស្ថាប័នសន្តិសុខកូរ៉េខាងជើង គឺជាគ្រឹះស្នូលក្នុងការអនុវត្តច្បាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
ជាការឆ្លើយតប ប្រមុខសន្តិសុខកូរ៉េខាងជើង បានអបអរសាទរចំពោះជោគជ័យនៃវេទិកាសន្តិសុខក្រុងមូស្គូ និងបានប្រកាសថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី បានក្លាយជាចំណងមិត្តភាពរួមសុខរួមទុក្ខដ៏រឹងមាំ និងមិនអាចមានសត្រូវណាមកបំបែកបំបាក់បានឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.