ព័ត៌មានអន្តរជាតិ

មន្ត្រីអឺរ៉ុប៖ អឺរ៉ុបនឹងមិនធ្វើជាអ្នកសម្រុះសម្រួលកណ្តាលរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ ព្រោះអឺរ៉ុបឈរខាងអ៊ុយក្រែនជានិច្ច

image


 
អឺរ៉ុប៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាយ៉ា កាឡាស់ (Kaja Kallas)  កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសជំហរយ៉ាងច្បាស់ក្រឡែតថា អឺរ៉ុបនឹងមិនដើរនាទីតួជាអ្នកសម្រុះសម្រួលកណ្តាល ដើម្បីដោះស្រាយសង្គ្រាមឡើយ ព្រោះអឺរ៉ុបជ្រើសរើសឈរខាងអ៊ុយក្រែនយ៉ាងពេញទំហឹង ។
 
លោកស្រី បញ្ជាក់ថា ប្លុកអឺរ៉ុបបានជួបពិភាក្សាយ៉ាងហ្មត់ចត់ ដើម្បីកំណត់ពីបន្ទាត់ក្រហមរបស់ខ្លួន និងទាមទារឱ្យរុស្ស៊ីដកថយ ព្រោះការជួយអ៊ុយក្រែន ក៏ជាការការពារផលប្រយោជន៍សន្តិសុខស្នូលផ្ទាល់ខ្លួនរបស់អឺរ៉ុបផងដែរ ។
 
ទាក់ទិននឹងកិច្ចព្រមព្រៀងសន្តិភាពណាមួយ លោកស្រី កាឡាស់ បានជំទាស់ដាច់ខាតចំពោះការដាក់កម្រិតយោធាអ៊ុយក្រែន ដោយលោកស្រីយល់ថា បើចង់ឱ្យកងទ័ពអ៊ុយក្រែនផ្អាកសកម្មភាព គឺទាល់តែភាគីរុស្ស៊ីព្រមទទួលរងការកម្រិតយោធាដូចគ្នាដែរ ។
 
ជាមួយគ្នានេះ លោកស្រីក៏បានគូសបញ្ជាក់ពីផលប្រយោជន៍អឺរ៉ុប ដោយជំរុញឱ្យមានការដកកងទ័ពរុស្ស៊ីចេញពីប្រទេសជិតខាង ដូចជាហ្សកហ្ស៊ី និងម៉ុលដាវី ដើម្បីធានាសុវត្ថិភាពនិងស្ថិរភាពនៅក្នុងតំបន់អឺរ៉ុបទាំងមូល ។
 
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គី ឡាវរ៉ូវ (Sergei Lavrov) បានច្រានចោលភ្លាមៗ ដោយចាត់ទុកសម្តីរបស់ប្រមុខការបរទេសអឺរ៉ុបថាជា «សេចក្តីថ្លែងការណ៍ដ៏ល្ងង់ខ្លៅ» ខណៈផ្ទៃក្នុងអឺរ៉ុបខ្លួនឯងក៏មានការខ្វែងគំនិត និងជំទាស់មិនចង់ឱ្យលោកស្រី កាឡាស់ ធ្វើជាអ្នកចរចាឡើយ ព្រោះលោកស្រីមានទំនោរចង់ប្រើធម៌ក្តៅជាមួយរុស្ស៊ីខ្លាំងពេក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (REUTERS/Yiannis Kourtoglou)/ (AP Photo/Evgeniy Maloletka)