ស៊ុយអែត ព្រមផ្ទេរយន្តហោះចម្បាំងស៊េរីចាស់ ១៦គ្រឿងឱ្យអ៊ុយក្រែន នៅដើមឆ្នាំ ២០២៧ ខណៈយន្តហោះថ្មីៗត្រូវរង់ចាំដល់ឆ្នាំ ២០៣០
ស៊ុយអែត៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការសាទរចំពោះកិច្ចព្រមព្រៀងយោធាប្រវត្តិសាស្ត្រជាមួយស៊ុយអែត ប៉ុន្តែការទទួលបានយន្តហោះចម្បាំងមានភាពយឺតយ៉ាវ ដោយយន្តហោះស៊េរីចាស់ៗចំនួន ១៦ គ្រឿងនឹងត្រូវប្រគល់ជូននៅដើមឆ្នាំ ២០២៧ ខណៈយន្តហោះថ្មីទំនើបៗត្រូវរង់ចាំរហូតដល់ឆ្នាំ ២០៣០ ។
ដើម្បីទិញយន្តហោះចម្បាំង គ្រីភេន (Gripen) ដ៏ទំនើបរបស់ស៊ុយអែតខាងលើនេះ រដ្ឋសភាអ៊ុយក្រែនបានសម្រេចបែងចែកកញ្ចប់ថវិកាចំនួន ២,៥ ពាន់លានអឺរ៉ូ ដែលលុយទាំងនេះ បានមកពីកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ របស់សហភាពអឺរ៉ុប ដែលទើបតែដោះស្រាយរួចរាល់ ។
កញ្ចប់ប្រាក់កម្ចីរបស់សហភាពអឺរ៉ុប ធ្លាប់ជាប់គាំងជាយូរមកហើយ ដោយសារតែការជំទាស់ពីអតីតនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័រប៊ែន ប៉ុន្តែវាត្រូវបានដោះស្រាយ និងអនុម័តភ្លាមៗ បន្ទាប់ពីមេដឹកនាំរូបនេះ ចាញ់ការបោះឆ្នោតកាលពីដើមឆ្នាំនេះ ។
ក្រៅពីបញ្ហាយន្តហោះចម្បាំង លោក ហ្សេលែនស្គី ក៏បានផ្ញើសំបុត្រពិសេសមួយច្បាប់ទៅកាន់លោក ដូណាល់ ត្រាំ និងសភាជាតិអាម៉េរិក ដើម្បីរាយការណ៍អំពីបញ្ហាប្រឈម និងភាពយឺតយ៉ាវក្នុងការទទួលបានប្រព័ន្ធការពាររ៉ុក្កែត ផេទ្រៀត (Patriot) ដែលលោកអះអាងថាបណ្តាលមកពីឥទ្ធិពលនៃសង្គ្រាមអ៊ីរ៉ង់ ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការឆ្លើយតបជាវិជ្ជមានពីសហរដ្ឋអាម៉េរិក ព្រោះលោកយល់ថា ការផ្គត់ផ្គង់គ្រាប់មីស៊ីល និងប្រព័ន្ធការពារ ផេទ្រៀត (Patriot) ឱ្យបានគ្រប់គ្រាន់ គឺជាគន្លឹះដ៏សំខាន់ក្នុងការឈានទៅរកការបញ្ចប់សង្គ្រាម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY