សង្គម

អភិបាលខេត្ត៖ ខេត្តពោធិ៍សាត់ គ្រោងសាងសង់ស្ថានីយថាមពល ដើរដោយពន្លឺព្រះអាទិត្យ មានអនុភាព៣៥០មេហ្គាវ៉ាត់ បន្ថែមទៀត

image


ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ថា ខេត្តគ្រោងសាងសង់ស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យមាន អនុភាព ៣៥០មេហ្គាវ៉ាត់បន្ថែមទៀត ស្ថិតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ក្នុងនោះក៏មានស្ថានីយ ស្តុកថាមពលដោយអាគុយ ២០០មេហ្គាវ៉ាត ផងដែរ។

អភិបាលខេត្តពោធិ៍សាត់ ថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោត មន្ត្រីរាជការ និងក្រុមការងារ ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តពោធិ៍សាត់។
លោក ខូយ រីដា មានប្រសាសន៍ថា ខេត្តពោធិ៍សាត់ មានវារីអគ្គិសនី ៣កន្លែង ទី១មានអនុភាព១២០មេហ្គាវ៉ាត់ ស្ថិតនៅស្ទឹងអាតៃ ទី២មានអានុភាព ៨០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង (ដែល ជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា) និងទី៣ អានុភាព១៥០មេហ្គាវ៉ាត់ ដែលកំពុងសាងសង់ គឺវារីអគ្គីសនី ស្ទឹងពោធិ៍សាត់១ និងវារីអគ្គីសនី ស្ទឹងមេទឹក ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។

ជាមួយគ្នានេះ ខេត្តពោធិ៍សាត់ មានស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យនៅស្រុកក្រគរ ដែលមានអានុភាពផលិតអគ្គិសនីបាន២៤០មេហ្គាវ៉ាត់ កំពុងដំណើរការ៕

អត្ថបទ៖ សន ពិសិដ្ឋ