ខឹងប្តីជេរដៀលពូជ! ប្រពន្ធចិត្តឆៅទាញពូថៅកាប់ក្បាលប្តីបណ្តាលឱ្យរងរបួសធ្ងន់
កំពង់ស្ពឺ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយទាញពូថៅកាប់ក្បាលប្តីបណ្តាលឱ្យរងរបួសធ្ងន់។ ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១៦ និង ៣០នាទី ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នំា២០២៦ នៅចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបាននិយាយថា ជនសង្ស័យឈ្មោះ អ៊ី សោ ភេទស្រី អាយុ ៤៥ឆ្នាំ ត្រូវជាប្រពន្ធ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើប្តីឈ្មោះ ហឿន ហុន អាយុ ៤៨ឆ្នាំ ចំនួន ៤ពូថៅ ចំក្បាលផ្នែកខាងក្រោយ ខណៈដែលប្តីកំពុងអង្គុយយោលលើអង្រឹងក្រោមផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់។ រឿងរ៉ាវនេះ គឺផ្តើមចេញពីជម្លោះពាក្យសម្តី ហើយឈានដល់ការជេរប្រមាថ និងដៀលដល់ពូជអំបូរ ដោយទ្រាំ នឹងការជេរដៀលមិនបានស្ត្រីជាប្រពន្ធក៏ទាញពូថៅកាប់ប្តីតែម្តង។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុ កម្លាំងជំនាញក៏ទទួលបានបណ្តឹងផ្ទាល់មាត់តាមទូរស័ព្ទពីអ្នកជិតខាង សមត្ថកិច្ចក៏ចុះដល់ទីតាំងហើយក៏ឃាត់ខ្លួនស្ត្រីជាជនដៃដល់នាំមកកាន់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់តែម្តង។
ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
អត្ថបទ៖ ប៊ុត សារុន