សង្គម

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យរដ្ឋបាលចំហរតាមផ្ទះសំណាក់ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា

image


ត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តចុះធ្វើរដ្ឋបាលចំហរយ៉ាងសកម្មដូចភ្លៀងរលឹម។

ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួល ដើម្បីស្វែងរកជនបរទេសស្នាក់នៅខុសច្បាប់ ដែលអាចលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scams) បទល្មើសគ្រឿងញៀន និងសកម្មភាពក្មេងទំនើង ក្នុងភូមិសាស្ត្រខេត្ត។
កម្លាំងសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យផ្ទះសំណាក់ចំនួន ២ ទីតាំង (ស្មើនឹង ១០៨បន្ទប់) ដោយរកឃើញមានជនជាតិបរទេសស្នាក់នៅសរុប ២០នាក់ (ស្រី ២នាក់) ដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ក្នុងនោះរួមមាន ជនជាតិចិន ចំនួន ១៧នាក់ (ប្រុស) ជនជាតិវៀតណាម ចំនួន ២នាក់ (ស្រី ១នាក់) និងជនជាតិរុស្ស៊ី ១នាក់ (ស្រី)។

ជាវិធានការចំពោះមុខ កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងទាំង ២ ព្រមទាំងជនបរទេសទាំង ២០ នាក់ ឱ្យអនុវត្តស្របតាមអនុក្រឹត្យលេខ ៣ របស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តចាត់វិធានការស្រាវជ្រាវ ត្រួតពិនិត្យ និងស្វែងរកទីតាំងសង្ស័យផ្សេងៗ ដែលមានការលួចលាក់ប្រព្រឹត្តបទល្មើស និងការរស់នៅប្រមូលផ្តុំខុសច្បាប់ ឱ្យបានទូទាំង ៧ ក្រុង/ស្រុក នៃខេត្តត្បូងឃ្មុំ ព្រមទាំងបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ សុខ ផន