នគរបាលខេត្តកំពត អាវុធហត្ថ និងអ្នកទទួលផលចោរកម្មសរុប ៥៤នាក់ ដែលលួចវត្ថុតាងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់
ភ្នំពេញ៖ ករណីលួចវត្ថុតាងក្នុងកាស៉ីណូនៅព្រែកចាក ពាក់ព័ន្ធ បទល្មើសឆបោកតាមប្រព័ន្ធ អនឡាញ(Online Scams) នគរបាលខេត្តកំពត អាវុធហត្ថ និងអ្នកទទួលផលចោរកម្ម សរុប៥៤នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់។ អ្នកពាក់ព័ន្ធទាំងអស់នេះ ត្រូវវបានចាប់ខ្លួន និងតំណាងអយ្យការចោទប្រកាន់ បន្ទាប់ពីពួកគេរួមគំនិតគ្នាចូលលួចយកវត្ថុតាងដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើស Online Scams នៅទីតាំងដែលពួកគេយាមកាមក្រោយពីបង្ក្រាបក្នុងអគារកាស៉ីណូមួយរបស់អតីតឧកញ៉ា លី គួង នៅព្រំដែនព្រែកចាក ខេត្តកំពត។
វត្ថុតាងដែលពួកគេបានលួចយក រួមមាន ទូរសព្ទ កុំព្យូទ័រ និងសម្ភារមានតម្លៃជាច្រើនទៀត គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។ ក្រោយស្រាវជ្រាវរកឃើញអំពីបទល្មើស ក៏ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ហើយសំណុំរឿងនោះត្រូវបានផ្ទេរពីខេត្តកំពត មកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ។
នគរបាលដែលបានធ្វើសកម្មភាពនោះ មានទាំងស្នងការរងទទួលការងារព្រំដែន, អធិការនគរបាលស្រុកកំពង់ត្រាច, អធិការរង, មេបញ្ជាការវរនគរបាលការពារព្រំដែន និងមន្ដ្រី អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុប៥៤នាក់។
យោងតាមសេចក្ដីរាយការណ៍ពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងដែលត្រូវបានបញ្ជូនមកពីខេត្តកំពត ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់តាមរយៈដីកាបញ្ជូនរឿងឲ្យស៊េីបសួរពីបទផ្តេីមគំនិត សមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង បទលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា២៨ មាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៩៩ មាត្រា៤០០ និងមាត្រា៥៣៣ នៃក្រមព្រហ្មទណ្ឌ។